ខេត្តកំពង់ឆ្នាំង៖ ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ ធ្វេីឡេីងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង។
ឧត្តមសេនីយ៍ឯក ពៅ សុខា បានមានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឧត្តមសេនីយ៍ឯកបានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធ ពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តឮទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន៕ ដោយ អ៊ុក ស៊ុនហេង