សៀមរាបៈរថយន្តយីឌុបមួយគ្រឿង ដឹកដំឡូងពីលើបង្កប់ឈើក្រញូងពីក្រោម
បានត្រូវកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្ទាក់ចាប់ ខណៈក្រុមឈ្មួញដឹកចេញពីភូមិសាស្រ្ត ខេត្តឧត្តរមានជ័យបំរ៉ុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ប្រទេសវៀតណាម។
ហេតុការណ៏នោះបានធ្វើឡើងនៅម៉ោង ជាង២រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥នៅលើដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់។ ក្នុងពេលកើតហេតុ អ្នកបើកបរនិងព្រូឡានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ដោយមានប្រភពពីកន្លែងរៀបឈើផ្តល់ឲ្យ ទើបកម្លាំងរដ្ឋបាលព្រៃឈើខេត្តបានធ្វើការស្ទាក់ឆែកឆេរ ក៏ឃើញដំឡូងមីពីលើបង្កប់ឈើក្រញូងពីខាងក្រោម រីឯអ្នកបើកបរបានឃើញដូច្នេះក៏រត់គេចខ្លួនបាត់តែម្តង។ប្រភពបន្តថា ក្រោយពីស្ទាក់ចាប់ ជំនាញបានអូសឡានយកទៅកាន់ ថ្នាលបណ្តុះកូនឈើផ្នែកបន្ទាយស្រី ដើម្បីវាស់វែងរកចំនួនម៉ែត្រគូប។
រហូតមកទល់ល្ងាចថ្ងៃដដែលនេះ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពុងរាប់និងថ្លឹងរកចំនួនពិតប្រាកដដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ តែចំនួនពិតនោះនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែការប៉ាន់ប្រមាណ អាចមានចំនួនជាង២០ម៉ែត្រគូប។