ភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនិងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ។
កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក គណៈប្រតិភូគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធានទី១គណៈទាក់ទងបរទេស ក្នុងតួនាទីជាអនុប្រធាន អង្គការ CDI បានចូលរួមកិច្ចប្រជុំផ្ទាល់និងបែបនិម្មិត របស់គណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត CDI ដែលមាន ការចូលរួមពីគណបក្សចំនួន ៩៤គណបក្សមកពី ៧៣ប្រទេស តំណាងឲ្យទ្វីបអ៊ឺរ៉ុប ទ្វីបអាមេរិក ទ្វីបអាស៊ី និងទ្វីប អាហ្វ្រិក។ កិច្ចប្រជុំបានសម្រេចលទ្ធផលសំខាន់ៗដូចតទៅ៖
១) បានអនុម័តលើសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី មហាសន្និបាតបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានអណត្តិទី២ នៃអង្គការ CDI។ សូមបញ្ជាក់ជូនផងដែរថាគណបក្សប្រជាជនកម្ពុជាបានក្លាយជាអនុប្រធាន តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ មក។
២) បានអនុម័តលើសេចក្តីសម្រេចចំនួន១២ ដែលក្នុងនោះមានសេចក្តីសម្រេច ស្នើដោយគណបក្សប្រជាជន កម្ពុជាមានខ្លឹមសារជារួមគឺ (១) ការជម្រុញ និងការកសាងភាពជាដៃគូអាស៊ាន-អឺរ៉ុប (២) ការពង្រឹងពហុភាគីនិយម និងសាមគ្គីភាពជាសកល និង (៣) ការជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព។
៣) តំណាងគណៈប្រតិភូបានរាយការណ៍ជូនមហាសន្និបាតអំពី (១) សភាពការណ៍ភូមិសាស្ត្រនយោបាយនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក (២) យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅប្រទេសកម្ពុជា និង (៣) ក្នុងតួនាទីជា ប្រធានអាស៊ាន (ASEAN) និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 13) កម្ពុជានឹងខិតខំប្រឹងប្រែងបំពេញតួនាទី ជាស្ពានសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ដោយស្មើភាព ក្រោមគោលការណ៍ពហុភាគីនិយម និងគោលការណ៍ច្បាប់ អន្តរជាតិ។
៤) អង្គមហាសន្និបាតបានកោតសរសើរតួនាទីឈានមុខចំពោះឥស្សរជនដឹកនាំ ៤ រូប រួមមានៈ លោក Jorez Jarzsa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉េនី និងជាប្រធានគណបក្សប្រជាធិបតេយ្យស្លូវ៉េនី លោក Vkor Otan នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋហុងគ្រី និងជាប្រធានគណបក្ស Fidesz និង លោក Andrej Perkoi នាយករដ្ឋមន្ត្រីសាធារណរដ្ឋ ក្រូអាទិ៍ និងជាប្រធានគណបក្សសហភាពប្រជាធិបតេយ្យក្រូអាទី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងភារកិច្ចដឹកនាំប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងបានបំពេញតួនាទីជាអន្តរជាតិ នៅគ្រប់វេទិកាអន្តរជាតិ ទោះស្ថិតនៅក្នុងបរិបទកូវីដ១៩ ក៏ដោយ៕
ដោយ, សុខ ខេមរា