ខេត្តឧត្តរមានជ័យ÷ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ម៉ី បញ្ញា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ ប្រធានគណៈកម្មការទ្រទ្រង់គោលនយោបាយយោធិនពលីមរណៈតំណាងឲ្យ ឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានដឹកនាំក្រុមការងារយកថវិការសមាគមន៍មិត្តជួយមិត្ត របស់កងពលតូចថ្មើរជើងលេខ៤១ ចំនួន ៥លានរៀល យកទៅប្រគល់ជូនគ្រួសារ លោកនាយចំណង់ ឈុំ ចាន់ទី នៅអង្គភាពវរសេនាតូចលេខ៤១២ នៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានពលីមរណៈក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។
លោកវរសេនីយ៍ឯក ម៉ី បញ្ញា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន គោរពវិញ្ញាណក្ខន្ធលោកនាយចំណង់ ឈុំ ចាន់ទី ដែលកំពុងរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកបានពាំនាំការផ្តាំផ្ញើរំលែកទុក្ខចំពោះគ្រួសារសពដែលបានបាត់បង់យោធិនមួយរូបដែលបានបំពេញកាតព្វកិច្ចជាកងទ័ពល្អ ពីសំណាក់ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ និងកងទ័ពក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ ដោយក្តីអាឡោះអាល័យដល់យោធិនមួយរូបដែលធ្លាប់រួមសុខរួមទុក្ខក្នុងជីវភាពកងទ័ពជាមួយគ្នា។
លោកវរសេនីយ៍ឯក ម៉ី បញ្ញា និងក្រុមការងារកងពលតូចថ្មើរជើងលេខ៤១ បាននាំយកនូវសម្ភារឧបត្ថម្ភ ដល់គ្រួសារលោកនាយចំណង់ ឈុំ ចាន់ទី រួមមាន អង្ករ និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។ ក្នុងនោះលោក វរសេនីយ៍ទោ ឈឺន ម៉ៅ មេបញ្ជាការ វរសេនាតូចលេខ៤១២ នាំយកនូវថវិកាមិត្តជួយមិត្តដែលបងប្អូននាយទាហាន នាយទាហានរង ក្នុងអង្គភាពវរសេនាតូចលេខ៤១២ ចូលរួម ចំនួន ១,៧៦៥, ០០០រៀល សម្ភារ និងគ្រឿងឧបភោគ បរិភោគច្រើនមុខទៀត៕ ដោយ ស៊ុនហេង