មន្ត្រីអេក្វាឌ័រ(Ecuador) បានចាត់ទុកអំពើហិង្សានៅមន្ទីរឃុំឃាំង Litoral ជិតទីក្រុង Guayaquil ភាគខាងលិចប្រទេសនេះកាលពីថ្ងៃទី១៣ខែវិច្ឆិកាគឺជាសោកនាដកម្មដោយមានអ្នកស្លាប់ដល់ទៅ៦៨នាក់និង២៥នាក់រងរបួសធ្ងន់។
មន្ត្រីអេក្វាឌ័រនៅថ្ងៃទី១៣ខែវិច្ឆិកា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្រោយអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងមន្ទីរឃុំឃាំង ឈានដល់សោកនាដកម្ម ស្លាប់និងរបួសជាច្រើន។ អ្នកទោសនៅក្នុងពន្ធនាគារមកពីក្រុមផ្សេងគ្នាបានប្រើប្រាស់កាំបិត កាំភ្លើងនិងរំសេវ វាយប្រហារគ្នាទៅវិញទៅមកក្នុងមន្ទីរឃុំឃាំង Litoral ជិតទីក្រុង Guayaquil ភាគខាងលិចប្រទេសអេក្វាឌ័រ។
នៅក្នុងមន្ទីរឃុំឃាំង Litoral ធ្លាប់មានអំពើហិង្សាកើតឡើងកាលពីខែកញ្ញា កន្លងមក ក៏បានសម្លាប់មនុស្សដល់ទៅ១១៩នាក់ដែរ។
តំបន់ទីពីរនៃមន្ទីរឃុំឃាំង Litoral បានឃុំអ្នកទោសជាង៧០០នាក់ ក្លាយទៅជាទីតាំងនៃអំពើហិង្សា ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់ទីនោះដើម្បីគ្រប់គ្រងស្ថានភាព ហើយក៏បានរកឃើញកាំភ្លើងគ្រាប់រំសេវជាច្រើន និងកាំបិតផងដែរនៅក្នុងមន្ទីរឃុំឃាំង។
ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បានប្រកាសអាសន្នរយៈពេល៦០ថ្ងៃដើម្បីទប់ស្កាត់ស្ថានភាពហិង្សានៅក្នុងមន្ទីរឃុំឃាំង ដោយអនុញ្ញាតឱ្យបញ្ជូនទាហាន៣៦០០នាក់ និងកម្លាំងប៉ូលិសទៅការពារមន្ទីរឃុំឃាំងទាំង៦៥នៅទូទាំងប្រទេស។
ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២១ មន្ត្រីអេក្វាឌ័រ បានបញ្ជាក់ថា មានករណីសម្លាប់មនុស្សដល់ទៅ ១៩០០នាក់ ហើយនៅក្នុងឆ្នាំ២០២០ មានករណីសម្លាប់មនុស្ស១៤០០នាក់នៅក្នុងពន្ធនាគារ៕ ដោយសាធី
រូបថត៖AFP/TTXVN.