ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ អះអាងថាមានការដឹកសម្ភារដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្លាមៗលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឱ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់ ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបេីក និងទីតាំងចំនួន០១ (បិទទ្វា)។
បេីតាមការបញ្ជាក់ពីលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ដោយយោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី រហូតដល់ម៉ោង១៨និង៣០នាទីព្រលប់ មានប្រជាពលរដ្ឋល្អរាយការណ៍ថា ឃេីញគេដឹកសម្ភារសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ ទេីបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យជាក់ស្ដែងតែម្តង ។
ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣,៥៤ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ២៧គ្រឿង និងម៉ូនីត័រចំនួន ២៧ ទូរទស្សន៍ចំនួន។
ចំណែកទីតាំងទី២, អប់រំណែនាំ(ព្រោះមិនមានសកម្មភាព) ,ទីតាំងទី៣ បិទទ្វា ,និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍ ០១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕
ដោយ៖ស តារា