ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដម៉ាកកូរ៉ូឡាមិនបានប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូស៊ុយស៊ូគីនិចមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលអោយនារីពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូនិងរថយន្ដងការខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីទាបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1BP-1569. ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចខាងជើងរង្វង់មូលវិមានឯករាជ្យស្រាប់តែមានរថយន្ដម៉ាក កូរ៉ូឡាមួយគ្រឿង ពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2G-1250. បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបាន ធ្វើដំណើរក្នងទិសដៅពីត្បូងទៅជើងដោយវាងរង្វង់មូលវិមានឯករាជ្យហើយបានជ្រុលមកចូលគន្លងបញ្ច្រាស់ទិសចរាចរណ៍ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលអោយនារីពីរនាក់ដែលជិះម៉ូតូរងរបួសធ្ងន់ ចំណែករថយន្ដនិងម៉ូតូរងការខូចខាត។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីកើតហេតុភាគីខាងម៉ូតូបានទាមទារសំណងចំនួន800$តែដោយបុរសខាងម្ចាស់រថយន្ដមិនមានប្រាក់ជាប់ខ្លួននិងស្រវឹងពិបាកនិយាយគ្នាផងនោះ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយទៅតាមផ្លូវច្បាប់៕
ដោយៈ ព្រែកជ័យ