ខេត្តត្បូងឃ្មំុៈ គ្រោះថ្នាក់ចរាចរដោយនឹកស្មានមិនដល់មួយបានកើតឡើង រវាងអ្នកបើកបររថយន្តសាំយ៉ុង បានបើកមកបុកអ្នកថ្មើជើង ដែលកំពុងឈរទិញផ្លែដូងលើចញ្ចើមផ្លូវ ហើយបណ្តាលឲ្យស្លាប់ស្រ្តីរងគ្រោះម្នាក់នៅកន្លែងកើតហេតុនិងរងរបួសធ្ងន់២នាក់កំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មំុ។
អធិការនគរបាលស្រុកតំបែរ លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ បានបញ្ជាក់ឲ្យបានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង រវាងរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ(បាត់ដំបង2A-7532) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន(ក្រោយពេលកើតហេតុបានគេចខ្លួនបាត់) បង្កជាមួយអ្នកថ្មើរជើងចំនួន០៣នាក់៖ ១-ឈ្មោះ ម៉ាត់ ម៉ៃសំ ភេទស្រី អាយុ៥៣ឆ្នាំ ខ្មែរឥស្លាម នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ(របួសធ្ងន់), ២-ឈ្មោះ តុលឡោះ ស្រីម៉ាស់ ភេទស្រី អាយុ៣៣ឆ្នាំ ខ្មែរឥស្លាម នៅភូមិ-ឃុំជាមួយគ្នា(ស្លាប់នៅនឹងកន្លែងកើតហេតុ), ៣-ឈ្មោះ ម៉ាត់ ស្រីភ័ស ភេទស្រី អាយុ៥៨ឆ្នាំ ខ្មែរឥស្លាម នៅភូមិ-ឃុំជាមួយគ្នា(របួសធ្ងន់)។
លោកបន្តថា តាមសាក្សីបញ្ជាក់មុនកើតហេតុគេបានឃើញ រថយន្តបើកបរពីកើតមកលិចទៅបុកជាមួយអ្នកថ្មើរជើងកំពុងឈរទិញដូងនៅចិញ្ចើមផ្លូវតែម្តង ហើយករណីនេះត្រូបានគេសង្ស័យថាអ្នកបើកបររថយន្តសាំយ៉ុង ងងុយដេក មួយភាំង រឺក៏ជាប់ញៀនថ្នាំទើបប្រហេសបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកតំបែរ រីឯសាកសពស្រ្តីរងគ្រោះម្នាក់ត្រូវ បានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
វណ្ណះ