ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់អោយដឹងមុនបន្តិចថាៈ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ (១៣-១៦ មេសា ២០១៦)ខ្ញុំព្រះករុណាខ្ញុំ និងភរិយា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។ ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិនឹងបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា។
ទន្ទឹមនឹងតម្លៃប្រេងសាំងចុះ ខ្ញុំសូមស្នើដល់បងប្អូនអ្នករត់តាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំតម្លើងថ្លៃដល់ការធ្វើដំណើររបស់ កម្មករ កម្មការនី ដែលត្រូវធ្វើដំណើរពីភ្នំពេញទៅចូលរួមពិធីចូលឆ្នំាជាមួយក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា។ ម៉្យាងវិញទៀត សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ ផ្លែឈើ គ្រឿងភេសជ្ជៈទាំងឡាយណាដែលប៉ះពាល់ដល់សុខភាព ហើយសូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះឧប្បត្តិវហេតុភ្លើងអគ្គីភ័យ ឬផ្ទុះដាច់បំពង់ទឹកជាដើម។ សូមជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៌ប្រកប ដោយការទទួលខុសត្រូវ ការយោគយល់ និងអធ្យាស្រ័យល្អ។
សូមកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ដើម្បីការកំសាន្តសប្បាយរបស់ប្រជាជនប្រកបដោយសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំនិងភរិយា សូមប្រគេនពរនិងជូនពរព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សុខ ខេមរា