ខេត្តសៀមរាប : នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាអធិបតីក្នុង«ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» ដែលជាការដាំបណ្តុះកូនឈើ ចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ក្នុងពិធីនេះផងដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី តំណាងអង្គទូតចំនួន២៩ប្រទេសប្រចាំកម្ពុជា និង លោក លោកស្រី យុវជន និងភ្ញៀវកិត្តិយស ប្រមាណ២០០នាក់។ កូនឈើទាំង ៥៣ដើមនេះ តំណាងឱ្យស្ថាប័នចំនួន២គឺលេខាធិការដ្ឋានអាស៊ានសហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតាមរយៈប្រព័ន្ធអនឡាញ។
«ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» គឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័ន សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយរៀបចំឡើងក្រោមប្រធានបទ «ដាំដើមឈើសាមគ្គីភាពយុវជនអាស៊ីអឺរ៉ុប» ក្នុងគោលបំណង បង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជន និងយុវជន ប្រទេស និងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប និងជាការបង្ហាញនូវការយកចិត្តទុកដាក់ក្នុងនាមយុវជនជាថ្នាក់នាំនៃប្រទេសនីមួយៗ ទៅលើគុណតម្លៃនៃធម្មជាតិ និងបំរែបំរួលអាកាសធាតុ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការដាក់ដាំនូវកូនឈើចម្រុះចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដែលជារម្មណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌពិភពលោក។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (The 4th ASEF Young Leaders Summit – ASEFYLS4) ដែលកិច្ចប្រជុំនេះ គឺជាវេទិកាអមមួយនៃវេទិកាអមទាំង៦ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)៕
ដោយ : សិលា