កីឡាករQuincy Promesខ្សែបំរើសញ្ជាតិហុល្លង់ របស់ក្លិបបាល់ទាត់ Spartak Moscow នឹងត្រូវកាត់ទោសពីបទប៉ុនប៉ងមនុស្សឃាតនិងវាយដំដោយចេតនាទៅលើសមាជិកគ្រួសាររបស់ខ្លួន។
ខ្សែបំរើវ័យ២៩ឆ្នាំនេះត្រូវបានចោទប្រកាន់ពីបទបង្ករឲ្យមានរបួសស្នាមធ្ងន់ធ្ងរក្នុងរឿងជំលោះជាមួយនឹងសមាជិកគ្រួសាររបស់ខ្លួនក្នុងពិធីជប់លៀងមួយកាលពីខែកក្កដាឆ្នាំមុន។Quincy Promesត្រូវបានចាប់ខ្លួនភ្លាមៗនិងឃុំខ្លួនអស់រយះពេល២យប់ ប៉ុន្តែកីឡាករនេះបានប្រកែកមិនបានធ្វើដូចការចោទប្រកាន់នោះទេ។
ប៉ុន្តែព្រះរាជអាជ្ញាបាននិយាយថានឹងចោទប្រកាន់ទៅលើកីឡាករQuincy Promesពីបទប៉ុនប៉ងមនុស្សឃាតនិងវាយដំដោយចេតនាពេលបើកសាវនាការនាពេលខាងមុខ។ ព្រះរាជអាជ្ញានេះបានបន្ថែមទៀតថាមានសាក្សីជាច្រើនឃើញPromesយកកាំបិតចាក់ទៅលើជនរងគ្រោះដែលធ្វើឲ្យជនរងគ្រោះរបួសធ្ងន់នៅលើជង្គង់តែមិនបានស្លាប់បាត់បង់ជីវិតនោះទេ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៍មានរបស់ហុល្លង់ថាហេតុការណ៏នោះកើតឡើងនៅពេលមានពិធីជប់លេងជួបជុំគ្រួសារហើយQuincy Promesបានឈ្លោះគ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់។
គួរបញ្ជាក់ថាPromesកំពុងលេងឲ្យក្លិបAjax ពេលកំពុងកើតហេតុនោះ ប៉ុន្តែរូបគេបានផ្លាស់ទៅលេងឲ្យក្រុមSpartak Moscowកាលពីខែកុម្ភះមកម្លេះ។
ប្រភពរូបៈ BBC; Channelnewsasia; https://www.dailymail.co.uk
ដោយ៖ភារៈ