ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួប លោក THACH DU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជា ណាចក្រកម្ពុជា រួមនិងប្រតិភូអមដំណើរ ដើម្បីជូនពរឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងកង កម្លាំង នគរបាលទូទាំងប្រទេស។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងនាម ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រមទាំង នាយ នាយរង និងពលនគរបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ រាប់អានគ្នា រវាងរដ្ឋាភិបាលប្រទេសយើងទាំងពីរ ក៏ដូចជា ប្រជាពលរដ្ឋផងដែរ។ លោក បន្តថា ជារៀងរាល់ឆ្នាំ កម្ពុជា និងស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែធ្វើពិធី ជូនពរឆ្នាំថ្នី ឲ្យគ្នាទៅវិញទៅមក នេះសម្តែងចេញឲ្យឃើញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ ទៀតថា កម្ពុជា-វៀតណាម គឺជាប្រទេសមានភូមិផងរបងជាមួយគ្នា និយាយជារួមប្រទេសយើងទាំងពីរមិនអាចខ្វះគ្នាបាននោះទេ និងនិយាយដោយឡែក គឺកិច្ចសហប្រតិបត្តិការ និងការរួម គ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីឲ្យមានសុខសុវត្ថិភាព និងការអភិវឌ្ឍ។ ឯកឧត្តម បន្តថា កន្លងមក ស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រ កម្ពុជា តែងតែសហការគ្នាល្អជាមួយនគរបាលជាតិកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានពាក់ព័ន្ធបទល្មើសផងដែរ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានជូនពរ ដល់ លោក THACH DU ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម ប្រចាំព្រះរាជាណាច ក្រកម្ពុជា រួមនឹងប្រតិភូ អមដំណើរ ឲ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសដែលបំពេញបេសកកម្មនៅកម្ពុជា។
ក្នុងជំនួបនោះដែរ លោកTHACH DU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អត្ថស័ក ព.ស ២៥៦០ ដែលនឹងឈាន ចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម សូមគោរពជូនពរ ដល់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងថ្នាក់ដឹកនាំទាំងអស់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រមទាំងកងកម្លាំងនគរបាល ទូទាំងប្រទេស សូម ទទួលបានសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចជោគជ័យ គ្រប់ភារកិច្ច ដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ ជូន ៕
ដោយ៖ នគរបាលជាតិ