ក្រុមខ្លាំងមេឃខៀប Manchester City បានទទួលជ័យជម្នះយ៉ាងស្រួលលើក្រុម Everton ដើម្បីឡើងទៅឈរលេខរៀងទី២ក្នុងក្របខ័ណ្ឌ Premier League និងកំពុងតាមក្រុមកំពូលតារាង Chelsea យ៉ាងប្រកៀកដោយចាញ់តែ៣ពិន្ទុប៉ុណ្ណោះ។
ការខិតខំប្រឹងប្រែងក្នុងតង់ទី១របស់ក្រុមមេឃខៀវ Man City ដោយបានសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ Everton ហើយនៅនាទីទី៤៤ ខ្សែប្រយុទ្ធ Raheem Sterling បានជួយឱ្យ Man City រកបាន១គ្រាប់នាំមុខ ដែលឆ្ពោះទៅរកការបង្ហាញខ្លួនជាលើកទី៣០០របស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទី ពីការបញ្ជូនបាល់ពីខាងក្រៅយ៉ាងល្អរបស់កីឡាករ Joao Cancelo ។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Man City នៅតែមានឱកាស និងការគ្រប់គ្រងបាល់បានល្អដដែល ដោយនៅនាទីទី៥៥ កីឡាករ Rodriរកបាន១គ្រាប់ទៀតបន្តការនាំមុខរបស់ពួកគេ ហើយកីឡាករ Bernardo Silva បានស៊ុតបញ្ចូលទីនៅចុងម៉ោងនាទីទី៨៦។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះយ៉ាងធំធេងទៅលើក្រុម Everton ក្នុងលទ្ធផល ៣ទល់០។
ជ័យជម្នះនេះធ្វើឲ្យក្រុម Man City បន្តធ្វើបានល្អក្នុងរដូវកាលនេះ ដោយឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នមាន២៦ពិន្ទុ ចាញ់ក្រុមកំពូលតារាង Chelsea ៣ពិន្ទុ ដែលមាន២៩ពិន្ទុ ខណៈដែលក្រុមLiverpool ឈរចំណាត់ថ្នាក់លេខ៣ មាន២៥ពិន្ទុ។ ចំណែកក្រុមស្ករគ្រាប់ Everton ក្រោយពីចាញ់នៅសប្តាហ៍ទី១២នេះ បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១១ មាន១៥ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)