ការប្រកួតក្របខ័ណ្ឌបារាំង Ligue 1 កាលពីថ្ងៃអាទិត្យរវាងក្រុម Lyon នឹង Marseille ត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីកីឡាករ Dimitri Payet ត្រូវបានអ្នកទស្សនាក្នុងទីលានប្រកួតគប់ដបចេញពីកន្លែងឈរក្រោយលេងបានរយៈពេល៥នាទីក្នុងទីលានប្រកួតនោះ។
កីឡាករ Dimitri Payet ត្រូវបានបញ្ជូនទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ដោយអាជ្ញាកណ្តាលលោក Ruddy Buquet ហើយបន្ទាប់ពីការរង់ចាំដ៏យូរ កីឡាកររបស់ Marseille រូបនេះមិនត្រឡប់មកវិញទេ។ជិត២ម៉ោងបន្ទាប់ពីការប្រកួតត្រូវបានផ្អាក ក៏ត្រូវបានបិទជាផ្លូវការ។
នេះជាលើកទីពីរហើយក្នុងរដូវកាលនេះ ដែលកីឡាករ Payet ត្រូវបានវាយនឹងដបចំពេលមានឧប្បត្តិហេតុជាបន្តបន្ទាប់នៅក្នុងបាល់ទាត់របស់បារាំង។
ការប្រកួតរបស់ក្រុម Marseille នៅទឹកដីក្រុម Nice កាលពីខែសីហាត្រូវបានផ្អាកដែរ នៅពេលដែលអតីតខ្សែបម្រើ West Ham បោះដបចូលទៅក្នុងហ្វូងមនុស្ស ធ្វើឱ្យអ្នកគាំទ្រសម្រុកចូលទីលាន។ ក្រុមNice ត្រូវបានកាត់ពីរពិន្ទុ ដែល១ក្នុងចំណោមនោះត្រូវបានព្យួរ ហើយកីឡាករ Payetត្រូវបានគេដាក់បម្រាមមួយប្រកួត។ ជាមួយគ្នានេះខ្សែបម្រើ Valentin Roniger របស់ក្រុម Marseille បានរងរបួសបបូរមាត់នៅពេលដែលគាត់ត្រូវបានវាយនឹងដបនៅឯការប្រកួតបើករដូវកាលជាមួយក្រុមMontpellier ។
ចំណែកការប្រកួតរវាង RC Lens នឹង Lille កាលពីខែកញ្ញាត្រូវបានពន្យារពេលប្រហែលកន្លះម៉ោងបន្ទាប់ពីអ្នកគាំទ្រគូប្រជែងបានគប់វត្ថុរឹងដាក់គ្នាទៅវិញទៅមក។ ក្រោយមកមនុស្សបានរត់ទៅលើទីលានដោយជំរុញឱ្យប៉ូលិសកុប្បកម្ម និងអ្នកបម្រើជួយអន្តរាគមន៍ភ្លាមៗ។
ឧប្បត្តិហេតុចុងក្រោយនៅទឹកដីក្រុម Lyon បានកើតឡើងនៅពេលដែលកីឡាករ Payet ហៀបនឹងទាត់បាល់ជ្រុង ហើយគាត់បានចាកចេញពីទីលានកីឡដ្ឋាន Groupama ជាមួយនឹងកញ្ចប់ទឹកកកនៅលើក្បាលរបស់គាត់។ ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ កីឡដ្ឋានមួយបានប្រកាសថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ហើយការប្រកួតនឹងបន្ត ប៉ុន្តែបានព្រមានថាមានបញ្ហាបន្ថែមទៀតនឹងនាំទៅដល់ការបោះបង់ចោលការប្រកួតតែម្តង។
នាយកប្រតិបត្តិក្លិប Lyon លោក Jean-Michel Aulas បាននិយាយថា ក្លិបបានផ្ញើសារទៅ Payet ពីការសុំទោសរបស់យើង ហើយបានបន្ថែមថា “ជនល្មើសត្រូវបានរាយការណ៍ភ្លាមៗ និងចាប់បាន វាជាទង្វើដាច់ដោយឡែកមួយ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)