ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលនៅអគ្គស្នងការនគរបាលជាតិ បានបើករថយន្តកាមរីហាយព្រីតបើកឆ្លងផ្លូវ ត្រូវបុរសម្នាក់ស្រវឹងស្រា បានជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ជ្រុលចង្កូតទៅបុករថយន្តហាយព្រីតមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យគៀបជាប់នៅក្រោមរថយន្តរងការខូចខាតទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខវត្តដំបូងខ្ពស់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺគេសង្កេតឃើញរថយន្តម៉ាក Camry ហាយប្រ៊ីត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-2229 មួយគ្រឿងបានបើកបរចេញពីច្រកវត្តដំបូងខ្ពស់ ឆ្លងមកផ្លូវ២៧១ ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហង់ដាសង់ប៊ីុច ពណ៍ខៀវ ពាក់ស្លាកលេខ1BN-4444 បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយក៏ជ្រុលចង្កូតបុកជាមួយនិងរថយន្ត និងចូលក្រោមរថយន្ត បណ្តាលអោយម៉ូតូនិងរថយន្តរងការខូតខាតទាំងសងខាង តែសំណាងល្អដែលមិនបណ្ដាលឲ្យមនុស្សណារម្នាក់រងរបួសធ្ងន់ធ្ងរនោះ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូព្រមសងថ្លៃខូចខាតនិងជួសជុលឲ្យទៅលើភាគីរថយន្ត ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។
ដោយ៖ ជីម ភារ៉ា ដង្កោ