ភ្នំពេញ : សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ូម សាខន ព្រមទាំង ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព មហាឧបាសិកា ស ស៊ន់ ។
ខាងក្រោមនេះជាព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន
សម្ដេចក្រឡាហោម និងលោកជំទាវ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ !
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពមហាឧបាសិកា ស ស៊ន់ ដែលជាបងបង្កើត របស់ សម្ដេចក្រឡាហោម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១:៤៥នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ។ មរណភាពនៃមហាឧបាសិកា ស ស៊ន់ គឺជាការបាត់បង់បងស្រី ម្តាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង ។
ខ្ញុំសូមវិញ្ញាណក្ខន្ធមហាឧបាសិកា ស ស៊ន់ អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។
សូម សម្តេចក្រឡាហោម និងលោកជំទាវ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕