សម្តេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ

សាររំលែកព្រះមរណទុក្ខ សូមទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខណៈនេះទូលព្រះបង្គំនិងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធាន ក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយ ព្រះរោគាពាធ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំនិងភរិយា សូមចូលរួមរំលែក ព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះ ការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ ព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំនិងភរិយាសូមលំឱនកាយវាចាចិត្ដឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រគ្រប់ព្រះអង្គ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត
៊អំពីទូលព្រះបង្គំនិងភរិយា៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print