ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តក្នុងល្បឿនលឿនសង្ស័យស្រវឹងជ្រុលបុករថយន្តមួយគ្រឿងទៀតដែលកំពុងចតស្ងៀមរងចាំប្រពន្ធពិនិត្យសុខភាពចំពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុខទល់មុខនឹងឃ្លីនិច អង់ដ្រូគ្រីន ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-9799 ។ ចំណែករថយន្តរងគ្រោះ ម៉ាក ហ្វតធុនន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2030 ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ ភាគីខាងរថយន្តរងគ្រោះ បានចតរថយន្តនៅតាមបណ្តោយផ្លូវលេខ៦០៨ ទល់មុខឃ្លីននិចឯកជនខាងលើ ដើម្បីរងចាំប្រពន្ធចូលពិនិត្យសុខភាព។ លុះដល់វេលាកើតហេតុ ស្រាប់តែរថយន្តបង្កហេតុ បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿន ក៏រេចង្កូតជ្រុលបុកពីក្រោយរថយន្តរងគ្រោះពេញទំហឹង បណ្តាលអោយរថយន្តខ្ទាតទៅមុខប្រមាណ១០ម៉ែត្រ គៀបជាប់គ្នាតែម្តង ដោយរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខថ្ពាល់ខាងស្តាំ ចំណែករថយន្តរងគ្រោះ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។ សំណាងល្អមិនមានបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់ឡើយ ហើយក៏មិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋដែរ គឺខូចខាត តែរបស់ឯកជនប៉ុណ្ណោះ ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ ធ្វើការសម្របសម្រួល ភាគីទាំងសងខាង ប៉ុន្តែដោយសារ មិនត្រូវរូវគ្នា សមត្ថកិច្ចមូលដ្ឋាន ក៏សម្រេចប្រគល់ជូនជំនាញ ដើម្បី ចុះធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនីតិវិធី នៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ