ភ្នំពេញ : នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើរសារសូមសម្តែងនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការយាងចូលទីវង្គត់ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា, ទូលព្រះបង្គំសូមសម្តែងនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការយាងចូលទីវង្គត់ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាធារណរដ្ឋបារាំង។
ក្នុងបរិយាកាសដ៏សែនវិយោគនេះ ទូលព្រះបង្គំ និងក្រុមគ្រួសារសូមសម្តែងនូវសាមានចិត្តថ្វាយសម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការបាត់បង់ព្រះស្វាមី ព្រះបិតា និងព្រះអយ្យកោ និងជាឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួូយព្រះអង្គ។
ទូលបង្គំ សូមបួងសួងឧទ្ទិសព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ សូមព្រះអង្គបានយោនយោគកំណើតក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕