ខេត្តមណ្ឌលគិរី ៖ មិនមែនជារឿងធម្មតា ដែលអាជ្ញាធរហ៊ានឃុបឃិតគ្នា ជាមួយឈ្មួញ រំលោភយកដីចម្ការស្រល់របស់រដ្ឋ ចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ហើយបែកធ្លាយ (ដូចដំរីងាប់យកអង្អេរមកបាំងអីចឹង) បញ្ហានេះសង្ឃឹមថា, លោកអភិបាលខេត្ត និងខាងមន្ទីរ-ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងចាត់វិធានការក្នុងរឿងនេះអោយដឹង ស ខ្មៅ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មិនយោគយល់ ឬអនុគ្រោះចំពោះអ្នករំលោភយកដីរដ្ឋ ទោះអ្នកធំប៉ុណ្ណាក៏ដោយ ។
សូមជម្រាបថា, មានរឿងអំពើពុករលួយត្រូវបែកធ្លាយ ! បន្ទាប់ពីដីចម្ការស្រល់របស់រដ្ឋទំហំជាង៧ហិកតា ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមួយកន្លែង ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រូវបានជនខិលខូចមួយក្រុមតូចឃុបឃិតគ្នាលក់យ៉ាងអនាធិបតេយ្យ ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ហើយអ្នកនៅពីក្រោយខ្នងនៃការជួញដូរទ្រព្យសម្បត្តិរបស់រដ្ឋនេះ គឺជាអាជ្ញាធរមូលដ្ឋាន ដែលឈ្មួញមកពីភ្នំពេញជាអ្នកទិញ តាមរយៈគេព្យាយាមធ្វើឯកសារទៅជាស្របច្បាប់ ក្នុងចេតនាទុច្ចរិតរំលោភយកដីចម្ការស្រល់របស់រដ្ឋ ៧ហិកតា អោយបានសម្រេច។
បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ ឬអាចដឹងពីផែនការមន្ត្រីខិលខូចឃុបឃិតជាមួយឈ្មួញបានបង្ហើបបឲ្យដឹងថា , លោក ភី ងូក ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានឃុបឃិតជាមួយបក្ខពួករៀបចំជាប្រព័ន្ឋ ដោយមានការចាត់តាំងអ្នកឈរឈ្មោះចំនួនបីនាក់ជាម្ចាស់ដីកម្មសិទ្ឋ ដើម្បីស្នើសុំកាន់កាប់ដីដោយខុសច្បាប់ រួចធ្វើលិខិតផ្ទេរទិញលក់ឲ្យទៅឈ្មោះ វិច សុវាចា ក្នុងតម្លៃជិត១០ម៉ឺនដុល្លារ ដោយទទួលស្គាល់ត្រឹមអាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត ពោលគឺគ្មានការធ្វើអនុបយោគពីរដ្ឋ ឬកាត់ខ្វៀលចេញពីដីក្រសួងកសិកម្មអោយស្របច្បាប់ឡើយ ។
គេបានលើកឡើងថា, ជាងនេះទៀតសោត ក្រោយគេស្នើសុំចុះបញ្ជីសម្គាល់ម្ចាស់កម្មសិទ្ឋិអចលនទ្រព្យ(ប្លង់រឹង) មន្ត្រីរដ្ឋបាលព្រៃឈើបានប្តឹងជំទាស់ ប៉ុន្តែសកម្មភាពបំពានយកដីនៅតែប្រព្រឹត្ត ដោយគ្មានជនណាម្នាក់ត្រូវឃាត់ខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ព្រោះបានប្រយោជន៍ហែកចែកគ្នា ទាំងបំពានច្បាប់ ។
ប្រភពដដែលបន្តថា , ក្រោយទទួលបានលិខិតផ្ទេរ
សិទ្ឋិកាន់កាប់ដីពីលោកចៅសង្កាត់ ភី ងូក រួចហើយនោះ អ្នកទិញដីចម្ការស្រល់ដោយខុសច្បាប់នេះ បានទំនាក់ទំនងមន្ត្រីក្នុងខេត្តចំណាយលុយជាងពីរសែនដុល្លារ ដើម្បីជួយសម្រួលដល់ដំណើរការកាត់ខ្វៀលដីចំណុចខាងលើចេញពីដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែភ្នែកនៅកញ្ចឹង ក នៅឡើយទេ ខណៈរឿងនេះបែកធ្លាយ ហើយមិនទាន់សម្រេច ។
បើតាមគេលួចបង្ហើបបញ្ជាក់ថា, ដំណើរការនេះ បានចាប់ផ្តើមតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២១ រហូតបច្ចុប្បន្នមិនទាន់សម្រេចនៅឡើយ គឺកំពុងព្យាយាមធ្វើយ៉ាងអោយទៅជាស្របច្បាប់ ខែខាងក្រសួងកសិកម្មមិនអនុញ្ញាត។
បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា, កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យករណីរំលោភយកដីចម្ការស្រល់របស់រដ្ឋ ស្ថិតក្នុងភូមិពូតាំងសង្កាត់រមនា ក្រុងសែនមនោរម្យ បានរកឃើញសកម្មភាពរំលោភយកដីស្រល់រដ្ឋចំនួន៤ទីតាំងឯណោះ ។ ដែលការចូលទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋខាងលើនេះ ម្ចាស់ដីពីរកន្លែងសំអាងលើពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលទទួលស្គាល់ពីអាជ្ញាធរភូមិ សង្កាត់ ក្រុង ។ ចំណែកដីពីរកន្លែងទៀត ឃើញមានហ៊ុមព័ទ្ធរបង តែពុំឃើញមានម្ចាស់ចេញមុខទទួលខុសត្រូវព្រោះកំពុងរត់
ការនៅឡើយ ។
គេបញ្ជាក់ថា, ក្នុងចំណោមដីទាំងបួនទីតាំងខាងលើនេះ មានដីមួយកន្លែងនៅចំណុចនិយាមកា(៧៣៨២៨០-១៣៧១៧២៣) បើគិតត្រឹមរសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១ កំពុងមានសកម្មភាពសាងសង់សំណង់រឹងមាំជាច្រើន ដោយគេសំអាងថា មានលិខិតកាន់កាប់ពីអាជ្ញាធរត្រឹមត្រូវ (អាជ្ញាធរបិទភ្នែកផង បើកផង របៀបស្ទង់មើល តើប្រតិកម្មឬអត់ពីខាងមន្ទីរ-ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) ។ ប៉ុន្តែមន្ត្រីជំំនាញបានអះអាងថា ក្រសួងមិនទាន់មានចំណាត់ការកាត់ខ្វៀលដីទាំងនោះទៅបុគ្គលណាម្នាក់កាន់កាប់ជាកម្មសិទ្ឋិនោះទេ ពោលគឺ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវតែការពារជាដាច់ខាត ។ ប៉ុន្តែពួកគេកំពុងព្យាយាមរំលោភ ទាំងដឹងថា, ដីចម្ការស្រល់គ្រប់គ្រងដោយរដ្ឋ ។
ប្រភពដដែលនេះបានបន្តថា , ក្នុងលិខិតផ្ទេរសិទ្ឋិកាន់កាប់ដីធ្លី ដែលមានការទទួលស្គាល់តាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត គឺមានបុគ្គលបីនាក់ ជាអ្នកឈរឈ្មោះលក់ដូរដីរដ្ឋនេះទៅឲ្យអ្នករស់នៅភ្នំពេញម្នាក់ ។ បុគ្គលបីនាក់ដែលឈរឈ្មោះលក់ដីរដ្ឋទំហំជាង៧ហិកតាឲ្យទៅគេនោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ភៅ ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ។
២-ឈ្មោះ ភី ច្រាញ ភេទប្រុស អាយុ៣៧ឆ្នាំ ។
៣-ឈ្មោះ ហាន សាមឿន ភេទប្រុស អាយុ៤១ឆ្នាំ ។
សូមបញ្ជាក់ថា, អ្នកទាំងបីជាជនជាតិព្នង រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ និយាយរួមអ្នកទាំងបីនាក់នេះ ក្នុងម្នាក់ទទួលបានលុយតែប្រាំមួយលានរៀលប៉ុណ្ណោះ ។ ហើយអ្នករត់ការបានធ្វើលិខិតកាន់កាប់ និងប្រើប្រាស់ដីធ្លីបីប្លង់ផ្សេងគ្នាក្នុងថ្ងៃតែមួយ(ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៥) ដើម្បីផ្ទេរទៅឲ្យអ្នកទិញតែម្នាក់ ហើយអ្នកទិញនោះ បានធ្វើលិខិតកាន់កាប់ដីធ្លីថ្មីមួយទៀត ដោយបូកទាំងបីប្លង់ចូលគ្នាស្មើជាង៧ហិកតា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ គឺជារឿងពិត ។
ឆ្លើយតបករណីខាងលើ លោក ភី ងូក ចៅសង្កាត់រមនា ក្រុងសែនមនោរម្យបាននិយាយប្រាប់អ្នកសារព័ត៌មានថា, ចំពោះរឿងដីនេះ ម្ចាស់គេបានអាស្រ័យផលជាយូរមកហើយ គឺមុនក្រុមហ៊ុនដាំដើមស្រល់ទៅទៀត ហើយគេមានប្លង់ត្រឹមត្រូវ ។ ចំណែកសំណង់ដែលកំពុងសាងសង់នោះ គេបានសុំទៅក្រុង ឬទៅខេត្តអស់ហើយ ក្រៅពីនេះលោកមិនដឹងទេ ។ តាមពិតការបកស្រាយរបស់ចៅសង្កាត់មិនសមហេតុផល ខណៈគាត់មានសិទ្ធិអីសុីញ៉េទិញលក់ ទៅលើដីចម្ការស្រល់ ដែលស្ថិតក្នុងការគ្រប់គ្រងដោយក្រសួងកសិកម្ម !
ចំណែកលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ក្រោយទទួលព័ត៌មានខាងលើនេះ លោកបានបញ្ជាក់ថា នឹងចាត់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចុះទៅទីតាំងនោះដើម្បីពិនិត្យជាក់ស្តែង និងចាត់ការ តាមផ្លូវច្បាប់ ព្រោះជាដីចម្ការស្រល់របស់រដ្ឋ។
ទោះជាយ៉ាងណា គិតត្រឹមរសៀលថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” មិនទាន់អាចសុំការបកស្រាយពីអ្នកទិញដីខាងលើនេះនៅឡើយទេ រឿងឃុបឃិតគ្នាយកដីចម្ការស្រល់របស់រដ្ឋខាងលើនេះ ជារឿងឃុបឃិតគ្នាពេញបន្ទុក ហើយក៏កំពុងស្លន់ស្លោរដែរ បន្ទាប់ពីបែកធ្លាយរឿងពុករលួយនេះ ។
សង្ឃឹមថា, លោកអភិបាលខេត្តថ្មី នឹងចាត់ការដកហូតអោយមកខាងមន្ទីរ-ក្រសួងកសិកគ្រប់គ្រងវិញ ។
ប្រជាពលរដ្ឋបានលើកឡើងថា, ចាំមើលវាសនាចម្ការស្រល់ខាងលើនេះទៀត តើត្រូវបានចាត់ការបែបណាដែរ ឬមួយសុំស៊ីដាច់ តែម្តង ? រឿងនេះជឿថាខាងក្រសួងកសិកម្ម មិនអនុញ្ញាតឱ្យចេញប្លង់កម្មសិទ្ធិជាដាច់ខាត។
សូមបញ្ជាក់ថាកន្លងទៅ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់អង្គភាព (nokordragon News) ឲ្យដឹងផងដែរថា, ដីដែលមានទីតាំងខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដូច្នេះមិនអនុញ្ញាតឲ្យមានការធ្វើប្លង់ណាមួយទៅឲ្យឯកជនដាច់ខាត។
ក្នុងរឿងនេះ មានប្រជាពលរដ្ឋបានបង្ហោះ facebook ចំអកថា, (ចម្ការស្រល់រដ្ខជាង៧ហិកតាក្លាយជាសាច់កាប់មែនទេ)
ក្នុងនោះគេសរសេរថា, ដីចម្ការស្រល់របស់រដ្ឋទំហំជាង៧ហិកតាដែលគ្រប់គ្រងដោយក្រសួងកសិកម្មមួយកន្លែង ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រូវបានជនខិលខូចមួយក្រុមតូចឃុបឃិតគ្នាលក់យ៉ាងអនាធិបតេយ្យក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ហើយអ្នកនៅពីក្រោយខ្នងនៃការជួញដូរទ្រព្យសម្បត្តិរបស់រដ្ឋនេះ គឺជាអាជ្ញាធរមូលដ្ឋាន ដែលឈ្មួញមកពីភ្នំពេញជាអ្នកទិញ ។
facebookដដែលបានសរសេរបន្តថា,សេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ , មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យករណីររំលោភយកដីចម្ការស្រល់របស់រដ្ឋ ស្ថិតក្នុងភូមិពូតាំងសង្កាត់រមនា ក្រុងសសែនមនោរម្យ បានរកឃើញសកម្មភាពរំលោភយកដីស្រល់រដ្ឋចំនួន៤ទីតាំង ។ ដែលការចូលទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋខាងលើនេះ មម្ចាស់ដីពីរកន្លែងសំអាងលើពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលទទួលស្គាល់ពីអាជ្ញាធរភូមិ សង្កាត់ ក្រុង ។ ចំណែកដីពីរកន្លែងទៀតឃើញមានហ៊ុមព័ទ្ធរបង តែពុំឃើញមានម្ចាស់ចេញមុខទទួលខុសត្រូវ
ព្រោះកំពុងរត់ការ ។
តាមពិត facebook នេះអាចដឹងច្បាស់ទើបសរសេរ ស្រដៀងនឹងប្រភពខាងលើ ។ ដោយបញ្ជាក់ថា,ក្នុងចំណោមដីទាំងបួនទីតាំងខាងលើនេះ មានដីមួយកន្លែងននៅចំណុចនិយាមកា(៧៣៨២៨០-១៣៧១៧២៣)គិតត្រឹមរសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១ កំពុងមានសកម្មភាពសាងសង់សំណង់រឹងមាំជាច្រើន ដោយគេសំអាងថា មានលិខិតកាន់កាប់ពីអាជ្ញាធរត្រឹមត្រូវ ។ ប៉ុន្តែមន្ត្រីជំំនាញបានអះអាងថា ក្រសួងមិនទាន់មានចំណាត់ការកកាត់ខ្វៀលដីទាំងនោះទៅបុគ្គលណាម្នាក់កាន់កាប់ជាកម្មសិទ្ឋិនោះទេ ពោលគឺ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវតែការពារជាដាច់ខាត ។
facebook ចាងបន្តថា, លោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក្រោយទទួលពព័ត៌មានខាងលើនេះ លោកបានបញ្ជាក់ថា នឹងចាត់លោកនាយខណ្ឌររដ្ឋបាលព្រៃឈើមណ្ឌលគិរី ចុះទៅទីតាំងនោះដើម្បីពិនិត្យជាក់ស្តែង និងចាត់ការ ។
ទោះជាយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ អ្នកយកព័ត៌មានមិនទាន់អាចសុំការបកស្រាយពីអ្នកទិញដីខាងលើនេះនៅឡើយទេ។ រឿងឃុបឃិតគ្នាយកដីចម្ការស្រល់របស់រដ្ឋខាងលើនេះជារឿងឃុបឃិតគ្នា
ពេញបន្ទុក ។ ចាំមើលវាសនាចម្ការស្រល់ខាងលើនេះទៀត តតើត្រូវបានចាត់ការបែបណាដែរ ឬមួយសុំស៊ីដាច់ ? ។
ពាក់ព័ន្ធបញ្ហាខាងនេះ អង្គភាព”នគរដ្រេហ្គន” នឹងរងចាំការបកស្រាយពីអាជ្ញាធរពាក់ព័ន្ធ អ្នកដើរតួលក់ អ្នកចាំទិញ រាល់ម៉ោងធ្វើការ ខណៈរឿងនេះមិនធម្មតាឡើយ បន្ទាប់ពីកំពុងយកចង្អេរទៅបាំងដំរីងាប់នោះ៕
ដោយ : សុខ ខេមរា