ភ្នំពេញ, នៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ លោកបណ្ឌិត ខាំ ផាវ៉ាន់ ដែលបានជ្រើសយកព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរ ទស្សនកិច្ចផ្លូវការលើកដំបូងនៅបរទេសរបស់លោក ក្នុងឋានៈជានាយករដ្ឋមន្ត្រីឡាវ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនេះ លោកបណ្ឌិត ផនខាំ ផាវ៉ាន់ បានអញ្ជើញទៅ ដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរជនខ្មែរដែលបានធ្វើពលិកម្មក្នុងសង្គ្រាម និងនៅមណ្ឌលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ » អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ផនខាំ… វីវ៉ាន់ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ លោកក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង បានជួបប្រជុំទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងបរិយាកាសស្និទ្ធស្នាលមិត្តភាព ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរៈ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកនាយករដ្ឋមន្តី ផនខាំ វីជាវ៉ាន់ បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់តាមផ្លូវគោក និងអាកាសថាមពលទេសចរណ៍ ការអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពបន្តជំរុញពន្លឿនការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលអាចនឹង ឈានដល់ការចុះហត្ថលេខាក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ស្របតាមការឯកភាពគ្នាក្នុងជំនួប ទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ថងលុន ស៊ីសុលីត ដែលពេលនោះជា នាយករដ្ឋមន្ដ្រី នៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ លោកនៅកម្ពុជា កាលពីថ្ងៃទី១២-១៣ ខែ កញ្ញា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែន កម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោល ចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម។ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ ពន្លឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ សំរាប់ខ្សែព្រំដែនដែលបានឯកភាពគ្នា និងពិភាក្សាគ្នាលើការបោះបង្គោលព្រំដែន បំពេញបន្ថែមចន្លោះបង្គោល ដែលមានស្រាប់នៅក្នុងតំបន់ដែលបានឯកភាពគ្នារួច ៨៦% ព្រមទាំង ផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះ។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និង ឡាវ។ ភាគីទាំងពីរ ក៏បានឯកភាពជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពតាមតំបន់ពំ ដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។
ក្នុងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រម ព្រៀងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់តាមរយៈ ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងស្ថាប័នមានសមត្ថកិច្ចនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបន្តការពិគ្រោះយោបល់គ្នាឲ្យបានទៀងទាត់ និងផ្លាស់ប្តូរ
ទស្សនកិច្ចនៅគ្រប់កម្រិត កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងកុងស៊ុល ការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ឧក្រិដ្ឋកម្មឆ្លងដែន ការទប់ស្កាត់ជំងឺឆ្លង និងគ្រោះមហន្តរាយធម្មជាតិ។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត សំដៅជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់។ ភាគីទាំងពីរ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្ដីពីការ ចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ និងពន្ធលើប្រាក់ចំណូល (DTA)។
នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្តី្រ សម្រាប់ជំនួយដ៏ថ្លៃថ្លា និងជាបន្តបន្ទាប់របស់កម្ពុជា រួមមានសម្ភារៈបរិក្ខារពេទ្យ និងថវិកា ជាពិសេស ជំនួយថ្មីបន្ថែមទៀតចំនួន ១៣លានដុល្លារអាមេរិក ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតជាថវិការបស់ក្រុមហ៊ុនឯកជន ជាមួយនឹងជំនួយវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្តបីគ្រឿង សម្រាប់ជួយដល់ការខិតខំប្រឹងប្រែងរបស់ឡាវក្នុង ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ វាយតម្ល ខ្ពស់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈ គ្នាលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការគាំទ្រគ្នាទៅវិញទៅមក និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអាស៊ាន ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកបណ្ឌិត ផនខាំ វីជាវ៉ាន់ ដែលបានគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដោយជោគជ័យ និងក្នុងការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នៅពេលវេលាសមស្របឆាប់ៗខាង មុខនេះ៕
ដោយ : សុខ ខេមរា