ភ្នំពេញ : ខ្ញុំសូមចែករំលែកនូវ «ការពិតនៃដំណើរជីវិត» សម្រាប់ការស្វែងយល់ ក្រែងអាចជួយបន្ថយទុក្ខព្រួយ ការភិតភ័យ ការច្រណែនឈ្នានីស ការលោភលន់ ឬការប្រមាថ ដោយសារតែមិនយល់ «សេចក្តីពិតនៃជីវិត»! ខ្ញុំសង្កេតឃើញសេចក្តីទុក្ខព្រួយ កើតមានគ្រប់ៗជីវិត ទាំងអ្នកក្សត់ អ្នកមធ្យម អ្នកមាន។ នេះជាការថ្លែងរបស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។
តាមរយៈការបង្ហោះលើ facebook ផ្លូវការលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានទស្សនៈជាតិនិយម ជាមួយនឹងបទពិសោធន៍ការងារ យល់ច្បាស់ពីទិដ្ឋភាពច្បាប់ នយោបាយ លោកបានបន្តថា, ខ្ញុំសូមអធ្យាស្រ័យពីលោកអ្នកចេះដឹងជ្រៅជ្រះ ក្នុងផ្លូវលោក និងផ្លូវធម៌ ពីព្រោះសំណេរបន្តទៅនេះ គឺជាការសំយោគតាមបែប «នរវិទ្យា» តែប៉ុណ្ណោះ។
• ដំណើរជីវិតមនុស្សគ្រប់ៗគ្នាមាន៣ដំណាក់កាល៖ «សាង, សោយ, សល់»
១- សាង៖ «អ្នកសាងអ្វី បានហ្នឹង» គឺជាដំណាក់កាលដ៏សំខាន់នៃដើមទន់ជីវិត ហើយស្របនឹងច្បាប់ធម្មជាតិ។ សាងចំណេះបានចំណេះ, សាងមិត្តបានមិត្ត, សាងទ្រព្យបានទ្រព្យ។ ក្នុងដំណើរនៃការសាងនេះ វានឹងផ្តល់ទៅដំណាក់កាលទី២ និងទី៣។
២- សោយ៖ «សាងអ្វី សោយហ្នឹង» គឺស្របនឹងទស្សនៈកម្ម-ផល ក្នុងផ្លូវព្រះពុទ្ធសាសនា។ ជីវិតនៃមនុស្សម្នាក់ៗដែលបានសោយផល ក្នុងបច្ចុប្បន្ន និងទៅបរលោក គឺបានមកពីផលនៃការសាងនេះឯង។
៣- សល់៖ ជាផលមកពីការសាង ហើយបានកំណត់នូវតម្លៃជីវិត តាមដំណាក់កាលរហូតដល់ទីចុងបំផុតនៃជីវិតមនុស្សម្នាក់ៗ។ ដំណាក់កាលទី៣ ត្រូវការបកស្រាយវែង តែអាចសរុបបានថា មនុស្សម្នាក់ៗ នៅទីបំផុតអាច គឺសល់១នៅក្នុងចំណោមផល២យ៉ាង៖ «សល់ ជាបុណ្យ? ឬសល់ជាកម្ម?» បុគ្គលខ្លះ ក្នុងដំណើរជីវិត សល់ជាបុណ្យរហូត។ លោកបន្តថា, បុគ្គលខ្លះ ក្នុងដំណើរជីវិតគឺមិនដែលគ្រប់ ខ្វះនេះ ខ្វះនោះ, មានជីវិត តែមានជំងឺ, មានឱកាស តែឯកា, មានទ្រព្យ តែខ្វះសុភមង្គល, មានក្តីប្រាថ្នា តែមិនសម្រេចបំណង។ ករណីបែបនេះ កើតមាននៅគ្រប់វណ្ណៈភាពនៃសង្គម។ ខ្មែរយើងមានពាក្យ «សេដ្ឋីខ្វះអំបែង» ឬ «ស្លាប់បិទភ្នែកមិនជិត» ដោយសារនៅសល់សេចក្តីប្រាថ្នាធំពេក… មិនត្រឹមតែភូតកុហកខ្លួនឯង គឺភូតកុហកសង្គមទៅទៀត។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ជាក់ថា, នៅទីបំផុត គ្មានអ្វីដែលមនុស្សយកទៅតាមខ្លួនបានទេ សូម្បីតែ១ដុល្លារ។ រៀនមើលអ្វីគ្រប់យ៉ាងជាដំណើរ កុំមើលត្រឹមផល ដែលជាការយល់តាមផ្លូវកាត់។ «ជីវិតគ្មានផ្លូវកាត់ទេ»។ ដូច្នេះទីបំផុតនៃជីវិត សល់អាសោច ឬសល់កេរ្តិ៍ គឺអ្នកប្រាជ្ញ វរជន មហារដ្ឋបុរសខ្មែរយើងបានបង្ហាញផ្លូវរួចហើយ៖ «ល្មមនិយម និង អំពើល្អ» ទោះបីរាប់រយពាន់ឆ្នាំ ប្រជាជាតិនៅចងចាំកេរ្តិ៍ឈ្មោះ និងគុណបំណាច់ ៕