ខេត្តរតនគិរី៖ រថយន្តឡិចស៊ីសRx៣០០ពណ៍ខ្មៅបិតស្កត់ខ្មៅគ្មានស្លាកលេខ បានបើកពាំងរថយន្តអ្នកយកព័ត៌មានឲ្យទូរទស្សន៍CTN ប្រចាំខេត្តរតនគិរី កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូត្រាវ ក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។
បើតាមការឲ្យដឹងពីលោក ភួង ផុន ភ្នាក់ងារទូរទស្សន៍CTN ប្រចាំខេត្តរតនគិរីបានបញ្ជក់ថា មុនពេលកើតហេតុ ដោយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានរថយន្តម៉ាកបាឡែនពណ៍ខ្មៅ មិនចាំស្លាកលេខដឹកបទល្មើសឈើ ប្រណិតចេញពីក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម ។ ខណៈរថយន្តដឹកបទល្មើសម៉ាកបាឡែនមកដល់ចំណុចខាងលើ អ្នកយកព័ត៌មានបានចេញតាមថតពីក្រោយរថយន្ត លុះបានប្រមាណ២០០ម៉ែត្រ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX៣០០ គ្មានស្លាកលេខបិតស្កុតខ្មៅ បើកចេញមកពាំងដោយមិនឲ្យថតយករូបភាពបាន និង បានពាំងរថយន្តអ្នកយកព័ត៌មានជាប់មិនឲ្យទៅមុខ រួចនៅទទឹងផ្លូវខាងឆ្វេង ។
ពេលនោះរថយន្តអ្នកយកព័ត៌មានបានជ្រុលទៅខាងឆ្វេងដៃ ខណ:ដែលរថយន្តឡិចស៊ីស RX៣០០ កាក់បិទពីមុខមិនឲ្យបន្តដំណើរទៅមុខបាន រួចរថយន្តអ្នកយកព័ត៌មានម៉ាកកាមរីស្វិតពណ៍កណ្តុប្រមេះ ពាក់ស្លាកលេខ ង.៩៦៥៥.ភព.២ បានជ្រុលទៅបុកចំទ្វារផ្នែកខាងឆ្វេងរថយន្តឡិចស៊ីសធ្វើឲ្យកើតមានជម្លោះរកវាយអ្នកសារព័ត៌មាន ថែមទៀត ។
បើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបក្នុងលក្ខខណ្ឌមិនបញ្ខេញឈ្មោះថា បុគ្គលបង្កហេតុខាងលើឈ្មោះ ណាក់ ជាខ្សែមន្ត្រីនគរបាលថ្នាក់ខ្ពស់ នៅស្នងការខត្ត ហើយអ្នកបើករថយន្តបង្កនេះឈ្មោះ ថេត សំណាង អាយុ៣៤ឆ្នាំ តែងតែបើករថយន្តដឹកបទល្មើសឈើប្រណីត ទៅលក់នៅឯប្រទេសវៀតណាមដោយគ្មានញញើត ។ ចំពោះសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើខេត្តក៏ពុំហានបង្ក្រាបដែរ ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោកបាន ចុះទៅវាស់វែងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយទៅតាមនិតិវិធី ៕
ដោយ៖ វុទ្ធឦសាន