មានប្រសាសន៏ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌាលោក Dharmendra Pradhan កាល ពីថ្ងៃទី៩ ខែមេសា រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអីុរ៉ង់លោកBijan Zanganeh បាន ឲ្យដឹងថា ប្រទេសអីុរ៉ង់កំពុងតែនាំប្រេងទៅកាន់ឥណ្ឌាប្រមាណ ៣៥០ ពាន់បារ៉ែលក្នុង មួយថ្ងៃ ហើយភាគីទាំងពីរសង្ឃឹមថានឹងបន្ត កើនឡើងខ្ពស់ទៀតក្នុងពេលខាងមុខ ។
នៅក្នុងជំនួបលើកនេះរដ្ឋមន្ត្រីក្រសួងថាមពលប្រេងប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនវិស័យក្នុងនោះមានថាមពលប្រេង និងការវិនិយោគ លើវិស័យប្រេង។ លោក Pradhan បញ្ជាក់ថា ឥណ្ឌានឹងវិនិយោគជាទឹកប្រាក់ ២០ពាន់លានដុល្លារ ទៅលើកំពង់ផែ Chabahar ដែលជាកំពង់ផែដ៏សំខាន់បំផុតនៅភាគអាគ្នេយ៍ប្រទេសអីុរ៉ង់ ។
កន្លងមករដ្ឋមន្ត្រីថាមពលប្រេងឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥណ្ឌាមានបំណងចង់វិនិយោគទៅលើវិស័យប្រេងនៅក្នុងប្រទេសអីុរ៉ង់។ កាលពីសប្តាហ៍មុន បណ្តាញព័ត៌មានឥណ្ឌាបានផ្សាយថា ឥណ្ឌា កំពុងតែខិតខំបង្កើនការនាំចូលប្រេងឆៅពីប្រទេសអីុរ៉ង់ក្រោយពេលច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ត្រូវបានលុបចោល។ តាមគម្រោងឥណ្ឌានឹងត្រូវនាំចូលប្រេងពីប្រទេសអីុរ៉ង់យ៉ាងតិចបំផុតត្រឹម៤សែនបារ៉ែលក្នុងមួយថ្ងៃ ទើបអាចធានាការផ្គត់ផ្គង់ថាមពលប្រេងប្រើប្រាស់នៅ ក្នុងស្រុកបានល្អប្រសើរ ។
ក្រុមអ្នកឯកទេសបញ្ជាក់ថា អីុរ៉ង់កំពុងតែបង្កើនការនាំប្រេងចេញទៅខាងក្រៅ ឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន ក្រោយពេលសហគមន៍អន្តរជាតិបញ្ចប់ ទណ្ឌកម្មទៅលើប្រទេសនេះក្រោយពេលដែលអីុរ៉ង់បានព្រមព្រៀងទៅលើកម្មវិធីបរមាណូជាមួយប្រទេសលោកខាងលិច។ កន្លងមកអីុរ៉ង់ក៏បាននាំប្រេងជាច្រើនទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុបដែលកំពុងតែត្រូវការថាមពលជាចាំបាច់ ក្រោយពេលអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើវិស័យសេដ្ឋកិច្ច រុស្ស៊ី ។
នៅពេលដែលរុស្ស៊ីទទួលរងការដាក់ ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិច ដោយសារតែពាក់ព័ន្ធបញ្ហាប្រទេសអ៊ុយក្រែន ពិសេសក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀររបស់អ៊ុយក្រែន ចូលក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុង មូស្គូ។ ការដាក់ទណ្ឌកម្មនោះបានក្លាយទៅជាឱកាសដ៏ល្អសម្រាប់អីុរ៉ង់នាំប្រេង ចេញក្រៅជំនួសរុស្ស៊ី។ កន្លងមកតំបន់អឺរ៉ុប អាស្រ័យទៅលើថាមពលប្រេងនាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែក្រោយដាក់ទណ្ឌកម្ម ហើយអឺរ៉ុបកាត់បន្ថយការទិញប្រេងពីរុស្ស៊ីនោះអីុរ៉ង់ក៏បានទៅជំនួសកន្លែងរុស្ស៊ីបានយ៉ាងល្អបំផុត៕
ប្រែសម្រួល៖ ម៉ែវ សាធី