ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មនុស្ស៤នាក់របួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយរថយន្ដដឹកគ្រឿងសំណង់ បុករថយន្ដមន្ទីរសាធារណៈការខេត្ដសៀមរាប ខណៈរថយន្ដមន្ទីរសាធារណៈការឈប់ចតជួសជុលផ្លូវជាតិលេខ៦៧ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លុវជាតិលេខ៦៧ ចំណុចភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បណ្ដាលឲ្យរថយន្ដដឹកគ្រឿងសំណង់បានធ្លាក់ទឹកប្រឡាយ ចំណែករថយន្ដមួយគ្រឿងខូចខាតយ៉ាងដំណំ ។
សាក្សីបានឲ្យដឹងថា មានរថយន្ដមួយកូរ៉ដឹកគ្រឿងសំណង់មួយគ្រឿងបានបើកយ៉ាងលឿនពីត្បូងទៅជើង ស្រាប់តែដល់ចំណុចកើតហេតុខាងលើបានបើកគេរថយន្ដដឹកថ្មមួយគ្រឿងទៀត ប៉ុន្ដែយកចង្កូតមិនទាន់ក៍ជ្រុលទៅបុករថយន្ដមន្ទីរសាធារណៈពេញទំហ៊ឹងតែម្ដង ខណះដែលកំពង់ចតឲ្យកម្មករជួសជុលផ្លុវជាតិលេខ៦៧ បណ្ដាលឲ្យកម្មកររងរបួសផងដែរ ហើយរថយន្ដធ្លាក់ទឹកប្រឡាយតែម្ដង។
លោកអនុសេនីយ៍ឯក សុខ ប៊ុនរ៉ុង នាយផ្នែកចរាចរជើងគោក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា រថយន្ដមន្ទីរសាធារណៈការ ម៉ាកISUSUកូរ៉េ ពណ៌ពាក់ស្លាកលេខ កណ្ដាល 2A-2543ចំណែករថយន្ដដឹកគ្រឿងសំណង់ម៉ាកកូរ៉េ ហ៊ីយ៉ានដាយពណ៌ខៀវ មិនមានស្លាកលេខ(ដោយសារលិចក្នុងទឹក) ។
លោកបានបន្ដថា ជនរងគ្រោះទី១ឈ្មោះ គង បូណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង របួសបាក់ជើង ទី២ឈ្មោះហេង ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិជាមួយគ្នា ជាកម្មករថយន្ដដឹកគ្រឿងសំណង់ ។ ចំណេក ខាងអ្នករបួសខាងរថយន្ដមន្ទីរសាធារណៈការ ទី១ឈ្មោះផាន់ ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទូលគ្រួស ឃុំស្រែណូយ ស្រុកវ៉ារិន របួសធ្ងន់ ទី២ ឈ្មោះ អ៊ឹង ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល ទី៣ឈ្មោះក្របី ភេទប្រុស អាយុ ២០នៅខេត្ដកំពង់ចាម។ចំណែកអ្នកបើកបរ ឈ្មោះរឿន លី ភេទប្រុស អាយុ២៤ឆ្នាំ នៅខេត្ដពោធិសាត់ ។
បន្ទាប់ពីវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានយករថយន្ដទាំងពីរទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ជានិរន្តរ៍