ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំបើកយុទ្ធនាការផ្សព្វផ្សាយកម្មវិធី «គុណតម្លៃអូឡាំពិក» ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ សម្រាប់ថ្ងៃទី២ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុន សែន ចរិយាវង្ស ខេត្តកែប បន្ទាប់ពីបើកយុទ្ធនាការថ្ងៃទី១ កាលពីម្សិលមិញ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង (ខេត្តកែប)។ នេះបើយោងតាម ប្រភពរូបភាព៖ @YuenPunlue នៃផេកផ្លូវការ (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ។
លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសប្រចាំវគ្គអប់រំគុណតម្លៃអូឡាំពិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ប្រធានបទសំខាន់ៗនៃកម្មវិធីនេះ គឺការធ្វើបទបង្ហាញលើការអប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២ គឺយុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម ប្រជាជនម្នាក់លេងកីឡាមួយមុខ ជៀសឆ្ងាយពីគ្រឿងញៀន យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាប្រវត្តិសាស្ត្រដំបូង។
លោកបន្ថែមថា កម្មវិធីគុណតម្លៃអូឡាំពិក នៅខេត្តកែបនេះ គឺមានការចូលរួមសិស្សានុសិស្សចំនួន១០០នាក់ (ពីរវិទ្យាល័យ) ដោយលោកសង្កេតឃើញថា សិស្សទាំងអស់បានចូលរួមក្រេបយកចំណេះដឹងពីកម្មវិធី ព្រមទាំងទទួលបានភាពរីករាយជាខ្លាំង ក្នុងការចូលរួមលេងកីឡានានា ដែលកម្មវិធីបានរៀបចំ។ យុទ្ធនាការផ្សព្វផ្សាយនេះនឹងបន្តធ្វើនៅរាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកំពង់ធំ ដោយក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីរៀបចំផ្សព្វផ្សាយនូវយុទ្ធនាការនេះជូនដល់សិស្សានុសិស្សចំនួន៣រាជធានី-ខេត្តផ្សេងទៀត នាពេលខាងមុខជាបន្តបន្ទាប់។
សូមបញ្ជាក់ថា សិស្សានុសិស្សជាច្រើននាក់ ដែលបានផ្តល់នូវចំណាប់អារម្មណ៍របស់ខ្លួនបានបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលខ្លួនបានចូលរួមលេងកីឡាយ៉ាងរីករាយ និងទទួលបានចំណេះដឹងពីគោលដៅនៃយុទ្ធនាការ អប់រំគុណតម្លៃអូឡាំពិក ជាពិសេសគឺគោលដៅដ៏ចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជា៕
ដោយ : សិលា