ភ្នំពេញ : នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» នៅមជ្ឍមណ្ឌលម៉ានី និងបាននិយាយទៅកាន់ប្អូនៗសិស្សានុសិស្ស និងនិស្សិត ពីតម្លៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ចំណេះវិជ្ជារបស់ខ្លួន និងការងារស្ម័គ្រចិត្ត។
លោក ហ៊ុនម៉ានី បានថ្លែងថា, ការបង្កើនចំណេះពិតជាមានសារសំខាន់ តែការចេះប្រើប្រាស់ចំណេះអោយត្រូវបរិបទ ស្របតាមស្ថានការណ៍ និងកាលៈទេសៈ គឺរឹតតែសំខាន់ជាងនេះទៅទៀត។ ចេញពីចំណេះដឹងដែលទទួលបានពីការសិក្សា រៀនសូត្រនៅសាលា ការព្យាយាមសង្កេត រៀនសូត្រពីភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំនានាជុំវិញខ្លួន និងការចូលរួមក្នុងការងារស្ម័គ្រចិត្តគឺជាគុណវុឌ្ឍបន្ថែមពីលើការសិក្សានៅក្នុងសាលារៀនព្រោះ តាមរយៈកិច្ចការស្ម័គ្រចិត្តក្តី ឬការងារជាក្រុមក្តី សុទ្ធតែអនុញាតិឲ្យយើងអាចសាកល្បងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ជាពិសេសការសម្របសម្រួល និងការសម្រេចចិត្តមួយចេញពីមតិយោបល់ចម្រុះផ្សេងៗគ្នា ទាំងការដឹកនាំអាជីវកម្ម ឬដឹកនាំអង្គភាពផ្សេងៗ។
លោកប្រធា សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដល់នាយកដ្ឋានហិរញ្ញវត្ថុផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើងជាស៊េរី ដែលថ្ងៃនេះគឺជាវគ្គទី២ ស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» និងមានការចូលរួមពីសំណាក់វាគ្មិនសំខាន់ៗដើម្បីមកចែករំលែកបទពិសោធន៍នៃការអនុវត្តផ្ទាល់ជូនប្អូនៗ និងសាធារណជនដែលតាមដានតាមរយៈការផ្សាយផ្ទាល់៕
ដោយ : សិលា