លោក ឃឹម ហ្វីណង់ : តោះទៅលេង«បុណ្យខ្លែងបន្ទាយស្រី »នៅភូមិលំហែសសីថ្ងៃអាទិត្យក្រោយទាំងអស់គ្នា!

ចែករំលែក៖

ខេត្តសៀមរាប : លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បាបរម្លឹកថា, តោះទៅលេង«បុណ្យខ្លែងបន្ទាយស្រី🪁»នៅភូមិលំហែសសីថ្ងៃអាទិត្យក្រោយទាំងអស់គ្នា! កុំភ្លេចដាក់កន្ទេល និងខ្ចប់ម្ហូបអាហារយកមកពិកនិកជាលក្ខណៈគ្រួសារផង ក្រុមការងារនឹងមានរៀបចំកន្លែងជូន តែមានលក្ខខណ្ឌបរិស្ថានមួយគឺ រាល់សំរាមទាំងអស់ត្រូវតែខ្ចប់យកទៅវិញរៀងៗខ្លួន ហាមដាច់ខាតមិនឱ្យបន្សល់កាកសំណល់ប្លាស្ទិក ឬម្ហូបអាហារនៅក្នុងទីតាំងនេះឡើយ។

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា, នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ចាប់ផ្តើមពីម៉ោង២រសៀលតទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយសហគមន៍ភូមិសសី រៀបចំព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ថ្មីមួយនៅលើទឹកដីភូមិសសីនៃឃុំត្បែង ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាបង្អួតបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន និងទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ភូមិទេសចរណ៍ដែលទើបតែមានការអភិវឌ្ឍថ្មីៗមួយនេះ។ ទីតាំងប្រារព្ធពិធីនេះស្ថិតនៅក្នុងរមណីយដ្ឋានឯកជនដ៏ស្រស់ស្អាតមួយឈ្មោះ”ភូមិលំហែ សសី Sarsei Relaxing Village“ ដែលម្ចាស់ទីតាំងបានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋបាលស្រុក ផ្តល់ជូនទីកន្លែងដោយមិនគិតថ្លៃ ហេតុដូច្នេះសូមមេត្តាគោរពលក្ខខណ្ឌបរិស្ថានមួយនេះឱ្យបាន និងបង្កើតទម្លាប់ថ្មីមួយនៃការគោរពដល់រាល់ទីកន្លែងដែលយើងបានទៅដល់ និងលេងកម្សាន្តតាមរយៈការមិនបន្សល់សំរាម៖ “សំរាមខ្ញុំ ខ្ញុំទទួលខុសត្រូវ ខ្ញុំយកទៅវិញ!”។

លោកបន្តថា, ក្រុមការងារនឹងមានរៀបចំស្តង់លក់ខ្លែងតូចៗ សម្រាប់ផ្តល់ឱកាសឱ្យមានការបង្ហោះខ្លែងកម្សាន្តសប្បាយជាលក្ខណៈគ្រួសារផងដែរ។ កម្មវិធីនេះនឹងមានបន្ថែមកម្មវិធីតូចៗទៀតដូចជា រាំវង់តន្ត្រីស្គរដៃ ស្តង់លក់អាហារសម្រន់ និងបញ្ចប់ដោយកម្មវិធីមើលព្រះច័ន្ទពេញវង់រះរំលងភ្នំគូលែនត្រឹមម៉ោង៨យប់។

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកពី“អត្ថន័យនៃពិធីបង្ហើរខ្លែង”៖ បើតាមលោកសាស្ត្រាចារ្យ និងបុរាណវិទូ អុឹម សុខរិទ្ធី ខ្លែងគឺជារូបស្នងនៃបក្សីខ្លែង ធ្វើពីក្រដាសមានគ្រោងឆ្អឹងឫស្សីសម្រាប់បង្ហើរ ដែលមានកំណើតពីគ្រុឌ។ ខ្លែងមានច្រើនប្រភេទ ដូចជាខ្លែងភ្នង ខ្លែងឯក ខ្លែងខ្លុះ ខ្លែងកន្ទោង ខ្លែងកូនមាន់ជាដើម។ ខ្មែរនិយមបង្ហើរខ្លែងក្នុងកិច្ចពិធីទាក់ទងនឹងកសិកម្មនៅក្នុងរដូវប្រមូលផល។ ខ្លែងតំណាងឲ្យភាពរាំងស្ងួត បង្ហើរទ្បើងលើមេឃដើម្បីដេញបំបែកពពកកុំឲ្យមានភ្លៀងធ្លាក់មកដីនាំឲ្យខូចខាតស្រូវដំណាំ ដែលត្រូវប្រមូលផលនាចុងរដូវ។ ដោយមានកំណើតដើមពីគ្រុឌនោះហើយបានជាខ្លែងអាចបណ្តេញនិងចាប់នាគទុក កុំឲ្យបង្ករជាភ្លៀងបាន។ ពោលគឺ ពិធីបង្ហើរខ្លែងជាកិច្ចទប់ទល់នឹងមេឃ កុំឲ្យភ្លៀងធ្លាក់នាំឲ្យមានជំនន់ និងខូចខាតស្រូវដំណាំ ដែលនឹងប្រមូលផលនាចុងរដូវវស្សា៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print