ទាហានអាកាសអាមេរិកបានរំសាយទាហានជាច្រើនរូបដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

កម្លាំងទាហានអាកាសអាមេរិក បានសម្រេចរំសាយទាហាន២៧រូប ដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នេះជាសមាជិកកម្លាំងទាហានអាកាសដំបូងដែលត្រូវបានរំសាយដោយសារតែមិនគោរពបទបញ្ជាពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ។ សារព័ត៌មាន AP បានផ្សាយថា កម្លាំងទាហានអាកាសបានកំណត់ពេលវេលាចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកាជាកំហិត ប៉ុន្តែមានកម្លាំងទាហានអាកាសជាច្រើនរូបបានបដិសេធចាក់វ៉ាក់សាំង ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិក លោកស្រី Ann Stefanek នៅថ្ងៃទី១៣ខែធ្នូបានប្រកាសថា នេះជាលើកដំបូងដែលទាហានអាកាសត្រូវបានរំសាយចេញពីជួរកងទ័ពពាក់ព័ន្ធនឹងការមិនចាក់វ៉ាក់សាំង ។ លោកស្រី Ann Stefanek បន្តទៀតថា ទាហានដែលបានរំសាយនោះទើបតែចូលបម្រើការថ្មី ជាទាហានវ័យក្មេង មិនទាន់មានបុណ្យស័ក្តិនៅឡើយ។ នៅដើមឆ្នាំ២០២១នេះ មន្ទីរបញ្ចកោណអាមេរិកបានស្នើដល់ទាហានទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួមទាំងទាហានបម្រុងផងដែរ ។ មន្ត្រីអាមេរិកបានលើកឡើងថា មកទល់ពេលនេះមានតែទាហានអាកាសប៉ុណ្ណោះដែលបានរំសាយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ បច្ចុប្បន្ន មានទាហានអាមេរិក រហូតដល់ទៅ៩៦,៤% បានចាក់វ៉ាក់សាំងរួចរាល់ ។ ប៉ុន្តែចំនួននោះបានថយចុះនៅត្រឹម៧៤%ប៉ុណ្ណោះ បើគិតទាំងកម្លាំងទាហានបម្រុង៕ ដោយសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print