ភ្នំពេញ : ពិធីបើកសន្និបាតកាយរិទ្ធនៃកម្ពុជាលើកទី១០ បូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មីប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជាតំណាងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយរឹទ្ធិកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន ២០៦ សម្លេងលើ ២១០ សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ បានថ្លែងថា, ក្នុងនាមរាជរដ្ឋាភិបាល លោកស្រីក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។
លោកស្រី ក៏បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងសូមកោតសរសើរ អរគុណដោយស្មោះ។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការថ្មីដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះ ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ ការលើកកំពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី៕
ដោយ : សុខ ខេមរា