សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិន ក្នុងការកសាងពហុកីឡដ្ឋានជាតិ មរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុត

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិន ក្នុងការកសាងពហុកីឡដ្ឋានជាតិ មរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុត បើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជានោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោមានប្រសាសន៍ថា, ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានកើតឡើងនាពេលនេះ គឺមិនមែនជាការយល់សុបិននោះទេ ពោលគឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជន និងរដ្ឋាភិបាលចិន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិនក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុតបើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់មិត្តចិន មិនគ្រាន់តែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ វាក៏ជាផ្នែកមួយដ៏ធំ ដើម្បីពង្រឹងឯករាជ្យភាពកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាប្រធានបទ ដែលត្រូវវែកញែកនូវរឿងដ៏ហួសហេតុនោះទេ។
សម្តេចតេជោប្រកាសថា តំបន់កសាងពហុកីឡដ្ឋានមរតកតេជោ មិនត្រឹមតែជាកន្លែងនៃពិភពកីឡាប៉ុណ្ណោះទេ តែនៅមិនឆ្ងាយពីកន្លែងនេះគឺជាវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដែលជាភស្តុតាង នៃសុខសន្តិភាពនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនិមន្ត និង យាងព្រះសង្ឃចំនួន ៦៨ អង្គ គឺតំណាងឱ្យខួបលើកទី ៦៨ ឆ្នាំ ដែលចេញពីអាណានិគមបារាំង និង រំលឹកដល់ព្រះបរមរតកោដ្ឋ។
សម្តេចតេជោ ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ក្នុងនោះមានសមិទ្ធផលមហាសាលដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ ហើយមិត្តចិនក៏បានផ្តល់សេរីភាពការជ្រើសរើសគំរូប្លង់ដល់កម្ពុជាផងដែរ ដែលជាការឲ្យតម្លៃគ្នា និងជាភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចតេជោបានថ្លែងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិន តាំងពីដើមមកដែលបានធ្វើដំណើរតាមសំពៅ និងការភ្ជាប់ទំនាក់ទំនងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសតវត្សទី២១។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការចាក់វ៉ាក់សាំងនូវដូសទី៣ ជូនដល់មនុស្សចាស់ និងកុមារ ខណៈបុគ្គលម្នាក់ៗបន្តរួមគ្នាទប់ស្កាត់ និងការពារដោយខ្លួនបន្ថែមទៀត ដោយមិនអាចឲ្យប្រទេសវិលត្រឡប់ទៅក្រោយវិញ នៃការបិទខ្ទប់ ដោយសារបញ្ហាកូវីដ១៩នោះទេ បើទោះបីជាបញ្ហាមេរោគកូវីដ១៩នេះ នៅតែបន្តវត្តមានដដែលនោះ។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា, ពហុកីឡាដ្ឋានមរតកតេជោក៏ជាពហុ កីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចទន្លៀសទស្សនិកជនក្នុងរយះពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិ សាស្រ្តនេះ និងចារទុកក្នុងក្រអៅបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមិត្តដែកថែមចិន បានរួមចំណែកកសាងទុកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ប្រើប្រាស់ជាកេរ្តិ៍មរតកប្រវត្តិសាស្រ្ត ជាយូរអង្វែងតរៀងទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print