ភ្នំពេញ ៖ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ក្រោយអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជាបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិ ២០២១-២០២៤សូមអរគុណចំពោះសារអបអរសាទរគាំទ្រ និងពាក្យជូនពរយ៉ាងច្រើនរបស់មហាជនទាំងអស់ ទាំងសារជូនមកផ្ទាល់ ក៏ដូចជាសារតាមបណ្តាញសង្គម Facebook។
សូមជម្រាបថា, លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ត្រូវបានអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជាបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិ ២០២១-២០២៤ ។
ជាមួយនឹងមោទនភាព ចំពោះសម្លេងឆ្នោតគាំទ្រជ្រើសតាំងនេះ លោកស្រីបណ្ឌិត បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា, រូបនាងខ្ញុំ ធ្វើជាអគ្គស្នងការថ្មី ដើម្បីដឹកនាំគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិ ២០២១-២០២៤ ខ្ញុំសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់នៃសមាគមកាយឬទ្ធិនារីកម្ពុជា ដែលបានផ្តល់ទំនុកចិត្តលើនាងខ្ញុំ ដើម្បីចូលរួមដឹកនាំបេសកកម្ម និងបម្រើទស្សនៈវិស័យរបស់សមាគម។
ខ្ញុំសូមអរគុណចំពោះសារអបអរសាទរគាំទ្រ និងពាក្យជូនពរយ៉ាងច្រើនរបស់មហាជនទាំងអស់ ទាំងសារជូនមកផ្ទាល់ ក៏ដូចជាសារតាមបណ្តាញសង្គម Facebook។
នៅចំពោះមុខនៃលើកទឹកចិត្តនេះ នាងខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបេសកកម្ម និងទស្សនៈវិស័យរបស់សមាគម ជាពិសេសការចូលរួមដង្ហែរតាមព្រះរាជដំណើរដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោកស្រីក៏បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងសូមកោតសរសើរ អរគុណដោយស្មោះចំពោះ ៖
– គណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជា ស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧
– គណៈកម្មាធិការ ដឹកនាំដោយលោកស្រីឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក
– គណៈកម្មាធិការ ដឹកនាំដោយលោកស្រី ស៊ិន សិរី ជាអគ្គស្នងការ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១
ដោយឡែកសម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ យើងទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា ដោយបានជ្រើសរើសគណៈកម្មាធិការថ្មី ចំនួន១៦រូប ដែលដឹកនាំដោយ លោកស្រី ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ ។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការថ្មីដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះ ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ ការលើកកំពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី៕
ដោយ : សុខ ខេមរា