សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Game & Asean PARA Game) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣, តំណាងកម្ពុជានៅបរទេស ត្រូវចូលរួមយុទ្ធនាការផ្សព្វផ្សាយ «ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង» ដោយប្រើប្រាស់គ្រប់វេទិកា សវនការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាលក្ខណៈអន្តរជាតិ។

បើរាប់ថយក្រោយគិតពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គឺនៅសល់តែរយៈពេល ៥០២ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ការផ្តល់អនុសាសន៍ទាំង៥ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមដាក់ចេញនូវចក្ខុវិស័យតម្រង់ទិស ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដូចខាងក្រោមរួមមាន៖

ទី១៖ ក្រសួងស្ថាប័ន រាជធានី-ខេត្ត មន្ទីរអង្គភាព កងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យផុលផុសនូវគ្រប់ទីកន្លែង។

ទី២៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាង នៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការ ការទូត និងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង» ដោយប្រើប្រាស់គ្រប់វេទិកា សវនការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាលក្ខណៈអន្តរជាតិ។

ទី៣៖ ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងយុទ្ធនាការអប់រំ សង្គម និងផ្សព្វផ្សាយ កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ, កម្ពុជាស្អាត កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន។

ទី៤៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អុំ ដើម្បីរក្សាសេចក្តីថ្លៃថ្នូ កិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។

សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី កីឡាករ កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ហ្វឹកហាត់អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ កីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។

ទី៥៖ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុនសហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ចំណាយរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ»។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកាប្រមាណ៤ឆ្នាំមកហើយ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ។ ដូច្នេះ ចាប់ពីឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២៣ គឺកម្ពុជា មានពេលវេលាបន្ថែមទៀតសម្រាប់រៀបចំកញ្ចប់ថវិកាចំណាយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

បន្ថែមពីនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាមួយមិនមែនត្រឹមត្រូវតែអញ្ជើញកីឡាករមកនោះទេ គឺត្រូវមានថវិកាដើម្បីទទួលកីឡាករ កីឡាការិនី បម្រើឱ្យការប្រកួតរបស់យើង។ ជាមួយគ្នានេះ សម្រាប់កីឡាករ កីឡាការិនី ត្រូវតែបន្តការហ្វឹកហាត់ឱ្យបានម៉ត់ចត់ជាដើម។

«ទាក់ទងនឹងការថតទាំងឡាយបែងចែកភារកិច្ច សម្រាប់ការថត ព្រោះការប្រកួតរបស់យើង គឺមិនមែនមានតែត្រឹមមួយមុខនោះទេ ការប្រកួតរបស់យើងមានច្រើនមុខ ដូច្នេះ ស្ថានីយទូរទស្សន៍នានា ត្រូវទទួលបានការជួយផ្សព្វផ្សាយផ្នែកណាខ្លះដើម្បីឱ្យមានជំនាញផ្នែកថតអំពីបញ្ហានេះតែម្តង ត្រូវយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយត្រូវតែធ្វើឱ្យបាន ដើម្បីធានាថាយើងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវដោយសុវត្ថិភាព ក្នុងការប្រកួតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។ នេះជាគូសបញ្ជាក់បន្ថែម របស់សម្តេចតេជោ ហ៊ុន សែន៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print