លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ​​៖ “ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួង​ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីម្សិលមិញនេះ​ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជា ផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងមតិស្វាគមន៍នាពេលចាប់ផ្តើមកម្មវិធី លោកអគ្គនាយក បានលើកឡើងនូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការបម្រើសេវាជូនបង ប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របទៅតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៖ “ជាមន្រ្តីបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ” និងការជំរុញឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាពិសេសស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ដើម្បីគាំទ្រដល់ការផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកឱ្យកាន់តែមានភាព ងាយស្រួល ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការនាំឱ្យខាតទាំងពេលវេលា និងចំណាយថវិកាបន្ថែម ទៀតផងដែរ។

លោកអគ្គនាយក បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាលើកជាសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗ និងទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា យកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ចៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បើកបរយានយន្តឱ្យស្របទៅតាមប្រភេទបណ្ណបើកបរ ប្តូរបណ្ណបើកបរពេលផុតសុពលភាព មានឯកសារលិខិតបទដ្ឋានគតិយុត្តិដែលច្បាប់តម្រូវ និងយកភ្ជាប់ជាមួយរថយន្តគ្រប់ពេលធ្វើចរាចរណ៍ ជាពិសេសពេលមកទទួលសេវានៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ក៍ដូចជាស្ថាប័នថ្នាក់ក្រោមជាតិ ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការដែលនាំឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។

ជាមួយគ្នានោះផងដែរ លោកអគ្គនាយក បានជម្រាបជូនលេខទូរសព្ទទំនាក់ទំនងដែលមានលេខ ១២៧៥ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានអំពីសេវាសាធារណៈដឹកជញ្ជូន ផ្លូវគោក និងការដោនឡូតកម្មវិធី «សេវាសាធារណៈ» របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីស្វែង យល់បន្ថែមទៀត។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់វគ្គទី១ មានការលើកឡើងជាសំណួរ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖

១. ហេតុអ្វីនៅតាមបណ្តាខេត្តនានា មិនអនុញ្ញាតឱ្យប្រឡងយកបណ្ណបើកបរឡានធំ? ចម្លើយ- ក្រសួង មិនមានការបិទការបិទប្រឡងយកបណ្ណប្រភេទ គ ឃ១ ឃ២ ទេ ហើយនៅពេលអនាគត ក្រសួងនឹង សហការជាមួយវិស័យឯកជនសិក្សាលទ្ធភាពពង្រីកទីតាំងប្រឡងបន្ថែមទៀត។

២. ការកាត់ឈ្មោះឡាន ដែលមានឈ្មោះម្ចាស់ដើមជាជនបរទេសហើយរកម្ចាស់មិនឃើញ តើត្រូវធ្វើដូចម្តេច? ចម្លើយ-ត្រូវអនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ មានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ. ២៦៤ រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣. សំណូមពរឱ្យរាជរដ្ឋាភិបាលអនុគ្រោះការផាកពិន័យរថយន្តដែលលើសថ្ងៃឆៀកដោយសារជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំ ចម្លើយ-ឆៀកដើម្បីសុវត្ថិភាពរបស់បងប្អូនផ្ទាល់។

៤. តើខ្ញុំអាចធ្វើកាតគ្រីម៉ូតូ និងបណ្ណបើកបរដែលចោលួចបាត់បានវិញទេ? ចម្លើយ-អាចដាក់ពាក្យស្នើសុំធ្វើទុតិយតាឡើងវិញបាន។

៥. ឡានតូចចាស់ឆ្នាំ មានឆៀក មានពន្ធផ្លូវគ្រប់គ្រាន់ ម្ចាស់ឡានកាត់ឡាននោះជាឡាន Pickup វិញ ដើម្បីដឹកទំនិញ តើគាត់អាចធ្វើឆៀក ពន្ធផ្លូវក្នុងឆ្នាំបន្តបន្ទាប់ ព្រមទាំងបើកបរលើផ្លូវសាធារណ:បានដែរឬទេ? ចម្លើយ- រថយន្តគ្រួសារដែលជារថយន្តសម្រាប់ដឹកអ្នកដំណើរ មិនអាចកាត់សំបករថយន្តកែច្នៃទៅជារថយន្តប្រភេទ Pickup ដឹកទំនិញបានទេ។

៦.

ខ្ញុំមានរថយន្តដែលមានស្លាកលេខអក្សរ ក ខ ហើយខ្ញុំមានបំណងចង់ប្តូរយកស្លាកលេខកម្ពុជា តើខ្ញុំ ត្រូវមានសំណុំឯកសារអ្វីខ្លះ? ចម្លើយ- រថយន្តដែលមានផ្លាកលេខស៊េរីចាស់ ក ខ អាចប្តូរយកស្លាកលេខ កម្ពុជាបាន ដោយត្រូវបំពេញបែបបទតាមប្រកាសលេខ. ២៦២ របស់ក្រសួង និងត្រូវយករថយន្តមកពិនិត្យជាក់ស្តែង។

៧. តើត្រូវចំណាយពេលប៉ុន្មានខែក្នុងការកាត់ឈ្មោះឡាន ក្នុងករណីម្ចាស់មុន និងម្ចាស់ក្រោយរស់នៅមានអាស័យដ្ឋានភ្នំពេញដូចគ្នា? ចម្លើយ- មានឯកសារគ្រប់គ្រាន់ ការផ្ទេរកម្មសិទ្ធិនឹងធ្វើបានឆាប់រហ័ស មិនចំណាយពេលយូរ កុំប្រើសេវាក្រៅផ្លូវការ។

៨. សំណូមឱ្យក្រសួងជួយអប់រំណែនាំស្លាកសញ្ញាឱ្យបានជាប្រចាំ ទើបប្រជាពលរដ្ឋយើងមានការយល់ដឹង ចម្លើយ-ក្រសួងមានយន្តការជាច្រើនអំពីការអប់រំសុវត្ថិភាពចរាចរណ៍ និងផ្សព្វផ្សាយណែនាំផ្លាកសញ្ញាចរាចរណ៍។

៩. ខ្ញុំចង់ដឹងនូវព័ត៌មានបន្ថែមអំពីការធ្វើបណ្ណបើកបរម៉ូតូដូចជា៖ ទីតាំង រយៈពេល តម្លៃសេវា និងត្រូវធ្វើយ៉ាងដូចម្តេច ខ្លះ? ចម្លើយ- ម៉ូតូដែលមានទំហំស៊ីឡាំងក្រោម១២៥ សេសេ មិនតម្រូវឱ្យមានបណ្ណបើកបរទេ លើកលែងតែម៉ូតូដែលមានទំហំស៊ីឡាំងលើសពី១២៥ សេសេ ត្រូវមានបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ ប្រភេទ ក និងខ ក្រសួងបានធ្វើប្រតិភូកម្មទៅឱ្យអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត។

១០. ឯកសារដែលត្រូវបំពេញក្នុងការពន្យារបណ្ណបើកបរ តើមានអ្វីខ្លះ? ចម្លើយ មានបណ្ណបើកបរអស់សុពលភាព អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតបញ្ជាក់កាយសម្បទា។

ដោយឡែកនៅក្នុងវគ្គទីពីរនៃកម្មវិធីនេះមានការចោទសួរសំណួរដូចតទៅ៖

១១. បើមិនចុះឈ្មោះស្នើសុំ ឆៀកតាម App តើអាចយកឡានទៅឆៀកបានដែរឬទេ? ចម្លើយ- អាចយក រថយន្តទៅឆៀកតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសបាន។

១២. ត្រូវការឯកសារអ្វីខ្លះ ដើម្បីបើកសាលាបង្រៀនបើកបរ? ចម្លើយ- ត្រូវការអត្តសញ្ញាណប័ណ្ណម្ចាស់ សាលា ព្រឹត្តិបត្រថ្កោលទោស ប្រវត្តិរូបម្ចាស់សាលា ប្រវត្តិរូបគ្រូ ប្លង់ ឬកិច្ចសន្យាជួលទីតាំង លិខិត អនុញ្ញាតបើកទីតាំងចេញដោយសាលារាជធានី-ខេត្ត ប្លង់ទីតាំងបង្រៀន ប្លង់ទីលានដៃចង្កូតករណី ប្រភេទបណ្ណបើកបរ គ ឃ ង បញ្ជីគ្រូបង្រៀន និងរថយន្តដែលត្រូវបង្រៀន លិខិតធានារ៉ាប់រង បណ្ណបើកបរមានសុពលភាពរបស់គ្រូ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូ

១៣. តើជនពិការអាចដាក់ពាក្យប្រឡងយកបណ្ណបើកបរប្រភេទ ក និង ខ តាមមន្ទីរខេត្តបានទេ? បើបាន តើត្រូវការឯកសារអ្វីភ្ជាប់មកជាមួយ? ចម្លើយ- អាចដាក់ពាក្យប្រឡងបាន ត្រូវការអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់កាយសម្បទា និងរូបថត។

១៤. ការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តនោះអាចដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយានយន្តអាចដាក់បន្ថែមបាន ឬទេ? ចម្លើយ- យោងមាត្រា៣០នៃច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ការបំពាក់សូរស័ព្ទ ភ្លើងបំភ្លឺលើយានជំនិះក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ។

១៥.ឡានចង្កូតស្ដាំមានពន្ធសម្រាប់ឆ្នាំ២០០៦ តើតម្រូវឱ្យដូរចង្កូតពីស្ដាំមកឆ្វេងដែរឬទេ? ចម្លើយ- បើ មានលេខរួច នៅបន្តប្រើបាន មិនទាន់មានលេខ ត្រូវទៅបង់ពន្ធ និងកែចង្កូត។

១៦. សំណូមពរសុំឱ្យការផ្ទេរកម្មសិទ្ធិយានយន្តធ្វើនៅតែមួយកន្លែង ចម្លើយ- ក្រសួងបានភ្ជាប់ប្រព័ន្ធស្តីពី ការផ្ទេរកម្មសិទ្ធិយានយន្តជាមួយអគ្គនាយកដ្ឋានពន្ធដារ អាចស្នើសុំសេវានៅមណ្ឌលសេវារបស់ក្រសួង និងផ្សារជីបម៉ុង។

១៧. ហេតុអ្វីចាំបាច់ត្រូវបញ្ជាក់អត្តសញ្ញាណប័ណ្ណពីអាជ្ញាធរ បើវានៅមានសុពលភាព ចម្លើយ- ឯកសារថតចម្លងត្រូវមានការបញ្ជាក់ពីភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច។

១៨. រយៈពេល៩ខែកន្លងទៅ យកឡានទៅឆៀកនៅមណ្ឌលកំបូល ខាងមន្ត្រីឱ្យឯកសារបំពេញ ពាក្យស្នើសុំ ប៉ុន្តែនៅពេលយកឯកសារទៅឱ្យមេពិនិត្យសម្រេច ដើម្បីចេញក្រដាសឆៀក ស្រាប់តែមើលទឹកមុខគាត់មិនសប្បាយចិត្ត ហើយនិយាយមកខ្ញុំដោយអារម្មណ៍មិនល្អថា ថ្ងៃក្រោយមុនមកឆៀកត្រូវបំពេញឯកសារតាម App ចម្លើយ- ក្រសួងនឹងធ្វើការណែនាំមន្ត្រីរបស់ខ្លួនបន្ថែមទាក់ទងនឹងបញ្ហានេះ។

បន្ថែមពីនេះ​ លោកអគ្គនាយករូបនេះ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយទៅកាន់បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយភាគច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត និងការចុះបញ្ជីយានយន្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងទៅនឹងសេវាសាធារណៈផងដែរ។

សូមជម្រាបជូនថា៖ បច្ចុប្បន្នចំនួនយានយន្តដែលបានចុះបញ្ជីនៅទូទាំងប្រទេសមានចំនួនជាង ៦លាន គ្រឿង(១៩៩០-បច្ចុប្បន្ន) ក្នុងនោះ៖ រថយន្តមានចំនួនជាង៩៤ម៉ឺនគ្រឿង(៩៤៤,៦៥៧ គ្រឿង) ទោចក្រ យានយន្តមានចំនួនជាង ៥លា នគ្រឿង (៥,៣៦០,៤៧៨ គ្រឿង) ចុះបញ្ជីដោយដៃ (១៩៩០) តាមកុំព្យូទ័រ (១៩៩៨-២០១៦) ក្រសួងបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក (Online) (២០១៦- បច្ចុប្បន្ន) អនុញ្ញាតឱ្យហាងចុះបញ្ជីដើម្បីឱ្យស្របនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ៖ ហាងលក់យាន យន្តសរុបមានចំនួន ១៥៧ហាង បានភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារ។

ទាក់ទងនឹងការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំណាត់ពេល យករថយន្តមកឆៀកបានមុន បានរៀបចំប្រព័ន្ធ បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃដល់ម្ចាស់យាន ដែលជិតហួសសុពលភាពឆៀក មានមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅទូទាំងប្រទេសប្រទេសចំនួន ២០ កន្លែង ក្នុងនោះនៅរាជធានី ភ្នំពេញចំនួន ៧ កន្លែង និងមានឆៀកចល័តចំនួន៤គ្រឿង។

ទាក់ទងនឹងការជំរុញការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកនឹងបងប្អូនប្រជាពលរដ្ឋ ក្រសួងបានរៀបចំ មណ្ឌលផ្តល់សេវាសាធារណៈចំនួន៥កន្លែង៖ អ៊ីអន១ អ៊ីអន២ ជីបម៉ុងណូរ៉ូម៉ល ទីស្តីការក្រសួង ហេរីថេក វ៉ក និងគ្រោងពង្រីកបន្ថែមទៀត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print