ខេត្តសៀមរាបៈ នៅថ្ងៃចូលឆ្នាំទី២ វារៈវ័នបត ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកចូលរួមដង្ហែរក្បួនអង្គរសង្រ្កាន្ត រាំលេងកំសាន្តជាមួយប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវនារី នៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាយើង។ បន្ទាប់មកនៅរាត្រីយប់នេះ សម្ដេចទាំងពីរ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីក៏បានអុជធូបទៀនបួងសួងទេវតាឆ្នាំថ្មីព្រះនាង មណ្ឌាទេវី សុំសេចក្តីសុខ និងបានបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងឡាយចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។
សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ក៏សូមអោយបងប្អូនជនរួមជាតិទូទាំងប្រទេសចូលរួម សប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៣-១៦ មេសា ២០១៦ នេះស្នាមញញឹមគ្រប់ៗគ្នា៕
សុខ ខេមរា