update៖សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ -​ ២៩ធ្នូ​ ខែ២០២១)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាល និងសាលប្រជុំ នៃក្រសួងការពារជាតិដែលត្រូវបានសាងសង់ថ្មី និងបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។

តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២លានដុល្លាររបស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។ សម្តេចតេជោបានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវចេះសន្សំសំចៃ ចំពោះការប្រើប្រាស់អគ្គិសនីផងដែរ។

នៅថ្ងៃខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។ សម្តេចតេជោបានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។ សម្តេចតេជោបានរំលឹកថា ថ្ងៃនេះ ម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រសាសន៍ថាឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺជាការប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និង បក្សនយោបាយបានទេ។ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិ ក្នុងការកសាងអគារនេះ និងបានជូនពរឲ្យកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីនៃក្រសួងការពារជាតិទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ចាប់ពីពេលនេះតទៅ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ និងសប្បុរសជនដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនានារបស់ក្រសួងនាពេលកន្លងមកផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print