ភ្នំពេញ : គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជិត៣សប្តាហ៍មុនបញ្ចេញរបាយការណ៍ថា, ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាមានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក។
ស្ថានឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា, កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មស្ថានឯកអគ្គរដ្ឋទូតទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយមកដល់ប្រទេសកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានផ្ដើមកសាងទំនាក់ទំនងដ៏ល្អជាមួយប្រទេសចិន ហើយបានបន្សល់ទុកនូវកេរមរតកទំនាក់ទំនង រវាងប្រទេសទាំងពីរដល់កូនចៅជំនាន់ក្រោយ។ សម្ដេចតេជោ បានថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិដែលកម្ពុជាទទួលបាននាពេលនេះ មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាលនិងប្រជាជនចិនផ្ដល់ជូនកម្ពុជានោះទេ។ សម្ដេចតេជោបានផ្ដាំផ្ញើតាមរយៈអគ្គរដ្ឋទូតចិន ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជាផងដែរ ៕