ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅក្នុងតំបន់ឆ្នេរសមុទ្រប្រទេសអីក្វាឌឺបានកើនឡើងរហូតដល់ទៅ៧៧នាក់ និងជិត៦០០នាក់រងរបួស។ ក្រៅពីនេះនៅមានមនុស្សជាច្រើនជាប់គាំងនៅក្នុងគំនរអាគារបែកបាក់។
អនុប្រធានាធីបតីអីក្វាឌឺលោក Jorge Glas បានប្រកាសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនTwitterរបស់លោកថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ៧៧នាក់និងជិត៦០០នាក់រងរបួស។ លោកបន្តទៀតថា ខេត្តmanabi និង Esmeraldas ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយការរញ្ជួយដី។ ដូច្នេះពលរដ្ឋនៅក្នុងខេត្តទាំងអស់ត្រូវបានអនុញ្ញាត្តិឲ្យប្រើប្រាស់បណ្តាញទូរស័ព្ទដោយមិនគិតថ្លៃ។
ប្រធានាធីបតី អីក្វាឌឺលោកRafael Correa បានចុះហត្ថលេខាប្រកាសអាសន្នទូទាំងប្រទេស ហើយលោកកំពុងតែធ្វើដំណើរវិលត្រឡប់ពីប្រទេសអីតាលីវិញ។
មន្ត្រីសង្គ្រោះបន្ទាន់អីក្វាឌឺបានឲ្យដឹងថា ក្រុមជួយសង្គ្រោះរាប់ពាន់នាក់រួមជាមួយកម្លាំងទាហានជាង ១មឺុននាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយដល់ជនរងគ្រោះដែលកប់នៅក្នុងគំនរអាគារបាក់បែក។ក្រៅពីនេះប្រធានាធិបតីក៏បានស្នើរដល់ក្រុមជួយសង្គ្រោះពីប្រទេសកូឡំប៊ីនិងមិចស៊ីកូ ចូលរួមនៅក្នុងការជួយសង្គ្រោះនោះដែរ។ កាកបាទក្រហមអីក្វាឌឺបានឲ្យដឹងថា មានពលរដ្ឋស្ម័គ្រចិត្តជាង១២០០នាក់បានចូលរួមសកម្មភាពជួយសង្គ្រោះនោះដែរ។ ប៉ុន្តែការបាក់ដីរាំងផ្លូវធ្វើឲ្យសកម្មភាពជួយសង្គ្រោះកាន់តែជួបផលលំបាកយ៉ាងខ្លាំង។
ក្រសួងចរាចរណ៍ ដឹកជញ្ជូនអីក្លាវឌឺបានឲ្យដឹងថា មានផ្លូវដល់ទៅ១២ខ្សែត្រូវបិទទ្វារដោយសារតែដីបាក់គ្រប់ដណ្តបពេញផ្លូវមិនអាចធ្វើដំណើរបាន។ រដ្ឋាភិបាលក៏បានបញ្ជូន យន្តហោះ៥គ្រឿងនិងរថយន្តក្រុងជាង៤០គ្រឿង ដឹកប៉ូលិសជាង៤០០០នាក់ទៅកាន់កន្លែងកើតហេតុជួយដល់ប្រជាជនរងគ្រោះ។
ការរញ្ជួយដីកម្រិតដល់ទៅ៧,៨រិតទ័រនៅអីក្វាឌឺបានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចពិភាក្សាក្នុងវេទិការប្រទេសផលិតប្រេងច្រើនជាងគេបំផុតលើពិភពលោកOPEC ដែលបានរៀបចំឡើងនៅទីក្រុង ដូហាប្រទេសកាតា។ លោកKabalan Abisaab អគ្គរដ្ឋទូតកាតាប្រចាំនៅប្រទេសអីក្វាឌឺបានបញ្ជាក់ថា នេះជាគ្រោះមហន្តរាយទ្រង់ទ្រាយធំ បង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសនៅក្នុងតំបន់។
លោកAbisaab បញ្ជាក់ទៀតថា ប្រទេសកាតា មានវិធានការសម្រាប់ទប់ស្កាត់ហេតុការអាក្រក់កើតឡើងនៅក្នុងប្រទេសរបស់លោក។ នៅពេលនេះដែរមន្ត្រីអីក្វាឌឺបានបញ្ជាក់ថា រដ្ឋាភិបាលខិតខំអស់ពីសមត្ថភាពជួយដល់ជនរងគ្រោះ ។
ការរញ្ជួយដីនៅអីក្វាឌឺមានគម្រិត ៧,៨រិតទ័រ មានចម្ងាយពីរដ្ឋធានីQuito ប្រទេសអីក្វាឌឺ ១៧០គីឡូម៉ែត្រ ។ តាមអ្នកឯកទេស ការរញ្ជួយដីខាងលើខ្លាំងជាង៦ដងបើប្រៀបធៀបនិងការរញ្ជួយដីនៅខេត្តKumamoto ប្រទេសជប៉ុនកាលពីមួយថ្ងៃមុននេះ។ ការរញ្ជួយដីនេះបណ្តាលឲ្យមានអ្នកស្លាប់ច្រើននិងខូចខាតច្រើនដោយសារតែ សំណង់នៅក្នុងប្រទេសអីក្វាឌឺ សាងសង់មិនមានស្តង់ដាសម្រាប់ទប់ស្កាត់ពេលមានរញ្ជួយដីដូចនៅក្នុងប្រទេសជប៉ុន។
ការរញ្ជួយដីពីរលើកនៅក្នុងប្រទេសជប៉ុនថ្ងៃទី១៥និង១៦ខែមេសា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ និងរងរបួសរាប់រយនាក់ ។ ផ្ទះជាច្រើនខ្នងផ្លូវថ្នល់រងការបំផ្លាញយ៉ាងដំណំ និងធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែជាភព្វសំណាង រោងចក្របរមាណូជប៉ុនមិនមានការខូចខាតនោះឡើយដូចកាលពីការរញ្ជួយដីកាលពីឆ្នាំ២០១១។ ជប៉ុនក៏បានបញ្ជូនកម្លាំងទាហានជាង២មឺុននាក់ទៅចូលរួមសកម្មភាពជួយសង្គ្រោះ។
នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេបានបញ្ជាក់ថា លោកនឹងធ្វើអស់ពីសម្ថភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ភាគច្រើនអ្នកស្លាប់ស្ថិតនៅក្នុងតំបន់Mashiko ជាស្រុកមួយមានពលរដ្ឋប្រមាណ៣៤ពាន់នាក់ ហើយផ្ទះសម្បែងជាច្រើនត្រូវបានបាក់ស្រុត៕
ប្រែសម្រួល៖ មែវ សាធី