ខេត្តបាត់ដំបង៖ យ៉ាងតិចក្នុងរយៈពេលជិត១ម៉ោង មានពលករខ្មែរប្រុសស្រីបានចំណាក់ស្រុកឆ្លងទៅប្រទេសថៃតាមច្រកដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មានពី៥០០ទៅជិត១០០០នាក់។ នេះបើតាមការពិនិត្យមើលឃើញដោយផ្ទាល់ពីភ្ញាក់ងារនគរដ្រេហ្គន នាចំណុចមាត់ច្រកដូងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦។
យុវជន សរ ជ័យថា មានអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិសាត់បាននិយាយថា រូបគេធ្លាប់ទៅធ្វើការនៅប្រទេសថៃ ផ្នែកការដ្ឋានសំណង់ យ៉ាងតិចក្នុងមួយឆ្នាំសល់ប្រាក់ចំនួន៤ទៅ៥ម៉ឺនបាត ផ្ញើមកឲ្យឪពុកម្តាយនៅស្រុកកំណើត។ ប៉ុន្តែឆ្នាំនេះសល់ត្រឹមពាក់កណ្តាល ដោយសារចាយវាយទៅលើសំលៀកបំពាក់ និងទិញរបស់របរផ្ញើបងប្អូននៅឯស្រុក។
ជ័យថា បន្តថា មកលេងស្រុកសប្បាយខ្លាំងជាងសព្វមួយដង បើទោះជាអាកាសធាតុក្តៅ ប៉ុន្តែស្រុកខ្ញុំរាំលេងក្នុងភូមិ តាមវត្ថអារាម ពិសេសការជេះទឹក លាបម្សៅ សប្បាយព្រមៗគ្នា។ ឆ្នាំនេះខ្ញុំមកលេងស្រុកបានត្រឹមតែ២យប់ប៉ុណ្ណោះ ដោយប្រញាប់ឆ្លងទៅថៃឲ្យទាន់មុខថ្ងៃទី១៨ ថៅកែតម្រូវឲ្យមកធ្វើការរួមគ្នា។
មានកម្មករចំណាក់ស្រុកជាច្រើនបាននិយាយថា ការបំពេញការងារនៅឯប្រទេសគេ ឲ្យតែមានលិខិតឆ្លងដែនត្រឹមត្រូវ ទទួលបានការងារល្អជាមួយនិងការស្នាក់នៅ ហូបចុកសមរម្យ ប៉ុន្តែមានពលករខ្មែរយើងមួយចំនួនដែលឆ្លងទៅប្រទេសថៃគ្នាច្បាប់ទំលាប់ តែងប្រឈមទៅនឹងការចាប់ពីសមត្ថកិច្ចប្រទេសគេបញ្ជូនមកស្រុកកំណើតវិញ។
ច្រកដូងសមត្ថកិច្ចនគរបាលច្រកទ្វារអាចរកចំណូលបានយ៉ាងច្រើនពីពលករចំណាក់ស្រុក ដោយសារច្រកមួយនេះមានអ្នកឆ្លងកាត់ច្រើនជាងគេបើប្រៀបធៀបទៅនិងច្រកក្នុងស្រុក ម៉ាឡៃ ស្រុកសំពៅលូន ស្រុកភ្នំព្រឹកនោះជាដើម៕
ដោយ៖ សុខ ខេមរា