ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន និង ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ដោយរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង ។
រោងចក្របារីហុង អន្តរជាតិ នេះ ស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែល ទើបទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រៀបរាប់អង្គហេតុយ៉ាងលម្អិត ដូច្នេះថា ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលពាក្យបណ្ដឹង ថាមានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយនៅព្រះរាជាណាចក្រកម្ពុជា ហើយនាយដ្ឋានបទល្មើសបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយះពេលជាងមួយឆ្នាំ ។
ទើបនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤៖៤៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ(ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។
ក្រោយពីការពិនិត្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ប៊ិច ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះចេញមក ស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លុះព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៥០នាទី សមត្ថកិច្ចចម្រុះក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើរួមមាន ៖ ១. បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ ស្មើ ២៣.៦៤០ កញ្ចប់
២. សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ ៩៩៥ គីឡូក្រាម
៣.សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹក ស្មើ ១៨០គីឡូក្រាម
៤.កន្ទុយស្នោរបារី ចំនួន ៣៨០កេស ស្មើ ៧,៦០០គីឡូក្រាម
៥.តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក
៦.តែម VN DUTY NOT PAID ចំនួន ២,៨០៨សន្លឹក
៧.រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
៨.ថង់រុំបារី ចំនួន ៧០បារ៉ែត ស្មើ ៥៩,៥០០គីឡូក្រាម
៩.បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន ១៤០ កញ្រ្ជែង ស្មើ ៧០០គីឡូក្រាម
១០.ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ ស្មើ ៤,៧៦៨គីឡូក្រាម
១១.សម្បកអាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០គីឡូក្រាម
១២.ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង
១៣.ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង ស្មើ ០២គ្រឿង
សរុប៖
-សម្ភារៈសម្រាប់បម្រើការផលិតបារីក្លែងក្លាយ ចំនួន ១៣៩,៤៥៣ គីឡូក្រាម
-បារីម៉ាក JET វេចខ្ចប់ ចំនួន ២៣,៦៤០ កញ្ចប់
-តែមប្រិ៍ BAT និងVN DUTY NOT PAID ចំនួន ៤,៨៦៦ សន្លឹក
-ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧ គ្រឿង
-ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង
-រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ន និងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យកទៅចាត់ការតាមនីតិវិធីច្បាប់ និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទ ប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ ៕ដោយ៖ចន្ទ លីហ្សា