ភ្នំពេញៈ ជនរងគ្រោះដែលរួចរស់ជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែងបានថ្លែងថា លោកអាចរស់រានមានជីវិតបានរហូតមកទល់សព្វថ្ងៃនេះទេដោយសារតែថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ខណៈក្រុមសន្តិសុខខ្មែរក្រហមបាន ត្រៀមរួចជាស្រេចទៅហើយក្នុងការសម្លាប់រូបគាត់។ លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែងជំនាន់ខ្មែរក្រហមបានថ្លែងដូច្នេះទៅកាន់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៦ នៅ អំឡុងពេលសវនាការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។
លោកថ្លែងប្រាប់អង្គជំនុំជម្រះអំពីការធ្វើទារុណកម្មរបស់ក្រុមសន្តិសុខខ្មែរក្រហមមកលើគាត់រយៈពេល ១២ យប់ ១២ ថ្ងៃដើម្បីទទួលចម្លើយសារភាពដែលថាគាត់មានការជាប់ពាក់ព័ន្ធនឹងគិញសម្ងាត់កាហ្សេបេ។លោក ជុំ មី បានថ្លែងថាលោកត្រូវបានឃុំខ្លួនក្នុងបន្ទប់តូចមួយ គ្មានអាហារ និងគ្មានអនាម័យឡើយ។ លោកបានលើកឡើងថា ខ្មែរក្រហមបង្ខំឱ្យលិតលាមក និងទឹកនោមដែលគាត់បត់ជើងទៅធ្លាក់ក្រៅធុង បើមិនធ្វើពួកគេនឹងធ្វើទារុណកម្ម។ លោក ជុំ មី ថ្លែងថាដោយសារតែលោកចេះជួសជុលគ្រឿងអគ្គិសនីជាពិសសជួសជុលម៉ាស៊ីនអង្គុលីលេខ គាត់ត្រូវ
បានគេរក្សាទុកប្រើសិន មិនទាន់សម្លាប់ ចោលទេ ក្រោយពីលោកបានសារភាពទាំងបង្ខំថាជាក្រុមគិញសម្ងាត់ដែលគេបានចោទប្រកាន់។ លោកថ្លែងថា ជីវិតរបស់លោករស់បានដល់សព្វថ្ងៃនេះគឺដោយសារតែកម្លាំងកងទ័ពរណ សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានរំដោះថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ បានជួយរំដោះ។លោក បានថ្លែងថារូបលោកវេទនាខ្លាំងណាស់ និងបានបាត់បង់ប្រពន្ធកូន និងសមាជិកគ្រួសារជាច្រើនទៀត។ លោក ជុំ មី បានថ្លែងថាអតីតអ្នកទោសដែលរួចរស់ជីវិតពីមន្ទីរស-២១ ចំនួន ៧ នាក់ បច្ចុប្បន្ននេះនៅរស់តែ ២ នាក់ប៉ុណ្ណោះ គឺ រូបលោក និងលោក ប៊ូ ម៉េង។
ទាក់ទងនឹងការផ្តល់សក្ខីកម្មរបស់លោក ជុំ មី នេះ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថាលោក ជុំ មី ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២
ពាក់ព័ន្ធនឹងអង្គហេតុមន្ទីរសន្តិសុខ ស-២១។ លោកបានថ្លែងថាមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង គឺជាមន្ទីរសន្តិសុខមួយក្នុងចំណោមមន្ទីរសន្តិសុខចំនួន៦ កន្លែង ដែលអង្គជំនុំជម្រះលើកយកមកជំនុំជម្រះលើអង្គហេតុមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទះក្នុង។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦ មក អង្គជំនុំជម្រះសាលាដំបូង បានធ្វើសវនាការដេញដោលលើភ័ស្តុតាងទាក់ទងនឹងមន្ទីរសន្តិសុខចំនួន ៣ កន្លែង គឺមន្ទីរសន្តិសុខអូរកន្សែងនៅខេត្តរតនៈគិរី មន្ទីរសន្តិសុខភ្នំក្រោល នៅខេត្តមណ្ឌលគិរី និង មន្ទីរសន្តិសុខ ស-២១ នៅភ្នំពេញ។
មន្ត្រីនាំពាក្យរូបនេះបានឱ្យដឹងផងដែរថា សវនាការលើមន្ទីរសន្តិសុខទាំងបីនេះគឺជាសវនាការបន្ថែមលើ
មន្ទីរសន្តិសុខ ៣ កន្លែងផ្សេងទៀតដែលអង្គជំនុំជម្រះបានធ្វើសវនាការរួចហើយនៅក្នុងសំណុំរឿង ០០២/០២ គឺមន្ទីរសន្តិសុខក្រាំង- តាចាន់នៅខេត្តតាកែវ មន្ទីរសន្តិសុខវត្តអូរត្រកួននៅភូមិភាគកណ្តាល និងមន្ទីរសន្តិសុខភូមិ
ទ្រានៅភូមិ ក្នុងភាគបូព៌ា។ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មសាក្សីចំនួន ៧៩ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៨ រូប និង អ្នកជំនាញចំនួន ៣ រូប សម្រាប់សវនាការចំនួន ១៦៦ ថ្ងៃ។បើតាម ការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការគឺពាក់ព័ន្ធនឹងការចោទប្រកាន់
អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រោម។ បន្ទាប់ពីប្រធានបទនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវ
នាការលើភ័ស្តុតាងស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ ២០១៧៕
ដោយ សីលា