ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងអភិវឌ្ឍន៍ផ្សារដើមគ ឲ្យទៅជាផ្សារមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ឲ្យបានល្អ និងមានបរិស្ថានល្អ លុបបំបាត់នូវការកកស្ទះចរាចរណ៍ និងរាល់បាតុភាពផ្សេងៗ ពិសេសបញ្ចៀសនូវហានិភ័យ នៅពេលដែលអគ្គិភ័យកើតឡើងម្បងៗ។
លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ នៅមុខក្រុមអាជីវករផ្សារដើមគ ប្រមាណ ៧០០ នាក់ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញថា៖ អាជ្ញាធររាជធានីភ្នំពេញ គម្រោងអភិវឌ្ឍន៍ផ្សារដើមគ គឺជាផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ចេញពី ការវិនិយោគរបស់វិស័យឯកជន ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋតែមួយ ដើម្បីងាយស្រួលរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ ជូនអាជីវករ កុំឲ្យមានកង្វល់ តទៅមុខទៀត។ លោកបានបន្តថា ការអភិវឌ្ឍន៍នេះ ទៅបានដោយរលូន លុះត្រាតែអាជីវករ និងអាជ្ញាធររាជធានីភ្នំពេញ មានការឯកភាពស្រុះស្រួលគ្នា ជាឯកច្ឆ័ន្ទ ទើបបានអភិវឌ្ឍន៍។ ប៉ុន្តែក្នុងចំណោមអាជីវករ ជិត ១.០០០ នាក់ នោះ បើមានម្នាក់ណាជំទាស់ នៃគម្រោងផែនការនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មិនសាងសង់ ឬអភិវឌ្ឍន៍ផ្សារដើមគនេះពោលគឺទុកឲ្យនៅដដែល។
លោកបានបញ្ជាក់ថា៖ គម្រោងអភិវឌ្ឍន៍ផ្សារដើមគ គឺអាជ្ញាធរចង់លុបបំបាត់ ភាពអនាធិបតេយ្យ អនាម័យ សណ្តាប់ធ្នាប់ចរាចរ ការយកភាស៊ី ដោយភាពរញ៉េរញ៉ៃ ពិសេសច្រកចេញចូល ដើម្បីការពារហានិភ័យ ដែលកើតមានឡើង ជាយថាហេតុ ដោយអាជ្ញាធរ ចង់យកគំរូតាមផ្សារធំថ្មី ព្រោះកន្លងមក ផ្សាររដ្ឋដែលមានភាពរញ៉េរញ៉ៃ ដូចជាផ្សារច្បារអំពៅផ្សារសាមគ្គី បឹងកេងកង ផ្សារទួលទំពូង សុទ្ធ តែមានភាពរញ៉េរញ៉ៃទាំងអស់។ ដូច្នោះដើម្បីលុបបំបាត់ បញ្ហាទាំងអស់នេះ អាជ្ញាធរចង់បង្វែរ ផ្សាររបស់រដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ឲ្យមានលក្ខណៈល្អប្រសើរនិងមានសណ្តាប់ល្អ។
លោកបន្ដថា៖ ប្រសិនបើក្រុមអាជីវករទាំងអស់ និងអាជ្ញាធរ បានឯកភាព និងយល់ព្រមគ្នា អភិវឌ្ឍន៍ផ្សារនេះ អាជ្ញាធរមិនឲ្យក្រុមអាជីវករ បង់ថ្លៃទិញតូប និងសេវាផ្សេងៗឡើយ ដោយរក្សាស្ថានភាពដើម នៅដដែល។ ប៉ុន្តែករណីនេះ លុះត្រា តែអាជ្ញាធរ បានចុះស្រង់ស្ថិតិចំនួនតូប ឲ្យបានចំនួនច្បាស់លាស់ ពិតប្រាកដជាមុនសិន ទើបជៀសវាង ទំនាស់ផ្សេងៗ កើតឡើង។ ផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចសន្យា ជាមួយវិស័យឯកជន ត្រូវផ្តាច់កុងត្រាវិនិយោគ លែងបន្តកុងត្រា ជូនទៀតហើយ ដែលធ្វើឲ្យខូចគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ហើយរដ្ឋនឹងវិនិយោគផ្សារទាំងអស់ ដោយខ្លួនឯង។
ជាការឆ្លើយតប នូវ គម្រោងអភិវឌ្ឍន៍ផ្សារនេះ ក្រុមអាជីវករ មិនឯកភាពឡើយ ដោយទាមទារទុកផ្សារដើមគ ក្នុងស្ថានភាព ដូចសព្វថ្ងៃនេះ ឲ្យនៅដដែល ដោយលើកហេតុផលថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ ផ្សារដើមគ ត្រូវបានអភិវឌ្ឍន៍មែននោះ នឹងធ្វើឲ្យខាតបង់ពេលវេលា ខាតបង់បង់ថវិកា ក្នុងការរកស៊ីចិញ្ចឹមកូន ព្រោះរកមួយថ្ងៃ សម្រាប់ដោះជីវភាពមួយថ្ងៃ។ មួយវិញទៀត ក្រុមអាជីវករ ខ្លាច នៅពេលដែលផ្សារ សាងសង់រួចហើយ បែរជាអាជ្ញាធរ យកគំរូអូឡាំពិក ផ្សារកណ្តាល និងផ្សារថ្មីជាដើម ដែលធ្វើឲ្យពួកគាត់ មានព្រួយបារម្ភ។ ក្រុមអាជីវករ បានបន្តទៀតថា សព្វថ្ងៃ អាជីវករផ្សារដើមគ បានបង់ថវិកាជូនផ្សារ ក្នុងមួយអាណតិ្ត ចាប់ពី ១.០០០ ទៅ ១៥.០០០ ដុល្លារ ទៅតាមទំហំតូប និងក្នុងនោះ អាជីវករ ត្រូវបង់បន្ថែមនូវថវិកា ចំនួនពី ៥០ទៅ ១០០ ដុល្លារបន្ថែមទៀត ក្នុងមួយខែៗ។ ថវិកាទាំងនេះ មិនគិតពីការបង់ភាស៊ី អនាម័យសណ្តាប់ធ្នាប់ប្រចាំថ្ងៃទៀតផង។
លោក អៀង អូននី អភិបាលរងរាជធានី ក៏បានបញ្ជាក់ប្រាប់ទៅអាជីវករវិញថា៖ ហេតុអ្វីអាជីវករ មិនឲ្យមានការអភិវឌ្ឍ ផ្សារដើមគ ត្រូវលើកហេតុផល ឲ្យច្បាស់លាស់ថា មូលហេតុ ចង់ស្ថិតនៅក្នុងស្ថានភក់ជ្រាំ ស្អុយ ខ្វះអនាម័យ ភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ នៅក្នុងផ្សារ និងតាមដងផ្លូវ ដូចសព្វថ្ងៃ ឬយ៉ាងណា? ។ លោកបានបន្តថា អាជ្ញាធរ បានសាងសង់ផ្សារមួយថ្មីល្អស្អាត ជំនួសផ្សារ ដែលមានស្ថានភាព ដូចសព្វថ្ងៃនេះ ចុះហេតុអ្វីមិនចង់បាន? ឬក៏ចង់នៅក្នុងស្ថានភាពបែបនេះជារៀងរហូត។
សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ ផ្សាររបស់រដ្ឋ មានចំនួន២៥ និងផ្សារដែលវិនិយោគ ដោយឯកជន មាន ២៧ រួមទាំងផ្សារទំនើប និងផ្សារតូចៗ មានចំនួនយ៉ាងច្រើនផងដែរ ខណៈផ្សារមួយចំនួន កំពុងស្ថិតក្រោមការវិនិយោគ ជាមួយឯកជននោះ អាជ្ញាធរ នឹងកាត់ផ្តាច់ពីវិស័យឯកជន ហើយរដ្ឋវិនិយោគ ដោយខ្លួនឯង៕
អាជ្ញាធររាជធានីភ្នំពេញ គ្រោងអភិវឌ្ឍន៍ផ្សារដើមគ ដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ តែអាជីវករជាង៧០០នាក់ មិនយល់ព្រម
...