សម្តេចតេជោ ហ៊ុនសែន សូមអោយអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និង អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សូមអោយអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និង អន្តរជាតិ។ នេះជាសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា។

សម្តេចតេជោផ្តល់ជាអនុសាសន៍ចំនួន ៦ចំណុចសំខាន់ៗថា : 

១- សា្ថប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាង សង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

២-ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការ ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Son Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុសស្មារតីនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជន និងប្រជាពលរដ្ឋយើងឱ្យគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក “ កីឡារស់ក្នុងសន្តិភាព “ “កីឡានាំមកនូវមិត្តភាព”” កីឡាដើម្បីសុខភាព“` កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ “ កម្ពុជាស្អាត”។

៣- សា្ថប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយ ត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជននិងពីប្រជាជនមកសា្ថប័នរដ្ឋ វិញទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្ដែងដែលតម្រូវឱ្យអ្នកសារព័ត៌មាន របស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។

៤-បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្មភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព សុំឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជម្រុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមាន តម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយម ស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រោកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់ អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន។

៥- បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និង អន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់ តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គម ទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។

៦- សមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការ បណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើង នូវកាលានុវត្តភាពថ្មីមួយសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគត ដែលមិនអាចប៉ាន់ស្មានបាន។ យើងត្រូវចាំថា ប្រសិនបើយើងមានឧបករណ៍ សម្ភារៈទំនើបប៉ុន្តែយើងមិន មានធនធានមនុស្សសម្រាប់ប្រើប្រាស់ក៏មិនអាចមានការរីកចំរើនបានដែរ ជាពិសេសសារព័ត៌មានប្រពៃណី ត្រូវអភិវឌ្ឍខ្លួនដើម្បីឈរជើងប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។

៧- ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការ របស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ “ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់ប្រភេទចូលក្នុងសហគមន៍របស់យើង។

ដោយ៖សុខ ខេមរា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print