ភ្នំពេញ៖ ករណីស្លាប់បាត់បង់ជីវិតរបស់តារាសម្តែងនិងតារាចម្រៀង ហួត សារ៉ាវឌី នៅមិនទាន់ស្ងប់ស្ងាត់ នៅឡើយខណៈដែលក្រុមគ្រួសារសពកំពុងស្នើឲ្យស្វែងរកការពិតជុំវិញការស្លាប់ដោយក្រុមគ្រួសារយល់ថា គឺជាករណីរំលោភសម្លាប់ច្រើនជាង។ ជាមួយគ្នានេះដែរអ្នកនិពន្ធនិងដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង ក៏បានបង្ហាញអីពីប្រវត្តិការងារសិល្បៈរបស់តារាចម្រៀងរូបនេះផងដែរ។
លោក ហ្វៃ សំអាង ដែលជាអ្នកនិពន្ធ និងដឹកនាំការផលិតបទចម្រៀង និងខ្សែភាពយន្តដែលបានឆ្លងកាត់ការងារជាមួយសិល្បករជាច្រើនជំនាន់បានបញ្ជាក់ពីប្រវត្តិសិល្បៈរបស់តារាសម្តែង និងចម្រៀង ហ៊ួត សារ៉ាវឌី ថា ការងារសិល្បៈនាងផ្តើមចេញពីអ្នកចម្រៀងតាមរង្គសាលនាឆ្នាំ១៩៩៣។ ដោយមើលឃើញពីទេពកោសល្យពីកំណើតរបស់គាត់ពេលច្រៀងនៅលើឆាករស់រវើកទើបលោកសម្រេចចិត្តជ្រើសរើសគាត់មកសម្តែងកំរងរឿងចម្រៀងកាយវិការដើរតួកាចឆ្នាស់ឆ្នើមក្នុងរឿងជីវិតក្រោមភ្លើងពណ៌នាចុងឆ្នាំ១៩៩៣ ថ្វីត្បិតនៅពេលនោះគាត់ទើបតែសម្តែងបានមួយរឿងតែមានការគាំទ្រខ្លាំងជាពិសេសនៅសហរដ្ឋអាមេរិចទើបលោកផ្តល់ឱកាសឲ្យគាត់សម្តែងចម្រៀងកាយវិការអមដោយសាច់រឿងជាបន្តបន្ទាប់យ៉ាងច្រើនធ្វើឲ្យគាត់មានឈ្មោះល្បីនាកំឡុងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ ជាតួកាចឆ្នាស់គ្មានតារាណាប្រៀបនឹងគាត់បាននាពេលនោះ បន្ទាប់ពីគាត់បានសម្តែងរឿងភាគ «ភ្នំទាបជាងស្មៅ» ព្រមទាំងបានធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគុំតន្ត្រីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣និងសម្តែងរឿងភាគទីពីរស្នាដៃរបស់លោកម្តងទៀតគឺរឿង «ជាតិស្ត្រី» ដែលទើបបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អប្សរានាដើមឆ្នាំ២០១៦នេះ តែរឿងនេះបានចេញលក់ជាDVD នៅក្រៅប្រទេសតាំងពីឆ្នាំ២០០៥ ដែលមានការគាំទ្រខ្លាំង។ ហ៊ួត សារ៉ាវឌី មានឈ្មោះល្បីទន្ទឹមនឹងតារារួមជំនាន់ដូចជាអម្ពរទេវីកែវកល្យាណនិងសុខស្រីមុំឈប់សិល្បៈអស់ទៅហើយ។
លោកបន្តថា ក្រោយឆ្នាំ១៩៩៨ ជីវិតសិល្បៈរបស់ ហួត សារ៉ាវឌី ដូចជាមិនសូវចេញមុខទាក់ទងទៅនឹងជីវិតឯកជន។ លោកខានជួបនាងជាង២០ឆ្នាំស្មានថា គាត់លាឈប់ពីសិល្បៈហើយ ទើបតែដើមឆ្នាំ២០១៦ នេះគាត់បានទូរសព្ទ័មកលេង ហើយទើបដឹងថា គាត់នៅច្រៀងនៅឡើយទើបឲ្យក្រុមការងារអញ្ចើញគាត់ឡើងច្រៀងនៅក្នុងកម្មវិធី Diamond concert ហើយគិតថា បើថតរឿង «សន្តានពស់» នឹងដាក់គាត់សម្តែងជាមួយអ្នកនាង ស្វែង សុជាតា ឲ្យប៉ះគ្នាម្តង។ លោកពិតជាតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបភាពជាមួយនឹងដំណឹងដ៏អកុសលថា គាត់បានស្លាប់យ៉ាងអណោចអធ័ម ក្នុងនាមលោកជាអ្នកបណ្តុះបណ្តាលលើកស្ទួយគាត់នៅលើវិថីសិល្បៈលោកពិតជាសោកស្តាយនូវធនធានសិល្បៈដែលមានសម្ថភាពខ្ពស់ក្នុងការសម្តែងបើបងប្អូនខ្លះមិនដែលបានមើលស្នាដៃសម្តែងរបស់គាត់អាចចូលទៅមើលរឿង «ជាតិស្ត្រី» បានក្នុង youtub និងfaysamang.com ហើយជួយ comment ផងថា គាត់មានសម្តភាពយ៉ាងណាដែរ? ពាក្យមួយឃ្លាចុងក្រោយដែលលោកចង់និយាយគឺសូមលោកអ្នកធ្វើអំពើល្អនៅថ្ងៃនេះកុំរង់ចាំនៅថ្ងៃស្អែក៕
ដោយ៖ វឌ្ឍនា