ខេត្តកណ្តាល៖ ផ្តើមចេញពីរឿងស្នេហាត្រីកោណ បានធ្វើឲ្យយុវជនម្នាក់ផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងឈានដល់បបួលប្អូនប្រុសទៅលើកគ្នាវាយយុវជនម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ២នាក់បងប្អូនបង្កើតបាននាំគ្នារត់គេចខ្លួនមួយរយៈ ក៏ត្រូវបានសមត្ថកិច្ចប៉ូលិសស្រាវជ្រាវក្របួចបានម្នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
អំពើហិង្សានេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមួយខ្សែ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាតកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ប៊ុនលី ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នករត់តុ មានទីលំនៅក្នុងភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ប៊ុនលី ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ត្រូវជាបងប្រុសបង្កើតរបស់ជនសង្ស័យឈ្មោះ ប៊ុនលី ចាន់ថា មានទីលំនៅក្នុងភូមិ/សង្កាត់ជាមួយគ្នា ។ ដោយឡែកជនរងគ្រោះឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ។ ប៉ូលិសបានបន្តថា រយៈពេលកន្លងមកជនរងគ្រោះនិងជនសង្ស័យឈ្មោះ ប៊ុនលី ផល្លា បានស្រឡាញ់នារីម្នាក់ឈ្មោះ ហ៊ាន ស្រីណា (ស្រលាញ់ស្រីមួយ២នាក់)។ លុះមកដល់ថ្ងៃកេីតហេតុជនសង្ស័យបានប្រទះជនរងគ្រោះជិះម៉ូតូឌុបនារីឈ្មោះ ស្រីណា ដេីរលេងទេីបធ្វេីឲ្យជនសង្ស័យផ្ទុះក្តីខឹងសម្បាទៅបបួលប្អូនប្រុសបង្កេីតរបស់ខ្លួនឈ្មោះចាន់ថាជិះម៉ូតូកាន់ដែកបំពងទីបតាមវាយជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់បាត់បងជីវិតនៅលេីចិញ្ចើមផ្លូវ។ ក្រោយពីមានហេតុការណ៍កេីតឡេីងក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។
បន្ទាប់មកទេីបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ហេីយសមត្ថកិច្ចក៏បានចុះធ្វេីការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួនត្រូវសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងពីបទហិង្សាដោយចេតនា ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស្អាងជ័យ
...