ខេត្តព្រះសីហនុ៖ ក្មេងស្រីជំទង់ដ៏ស្រស់ស្អាតម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិត សង្ស័យខឹងនិងបងប្រុសមិនបង្កើតហ្វេសប៊ុកក្នុងទូរស័ព្ទឲ្យបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងក្រុមទី៤៥ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្មេងស្រីដែលគិតខ្លីចងកសម្លាប់ខ្លួនព្រោះតែរឿងតិចតួចនេះមានឈ្មោះខុន ស្រីមាស អាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយឪពុកម្តាយក្នុងភូមិកើតហេតុ។
លោកដា សុខុន អាយុ៤១ឆ្នាំជាឪពុកក្មេងស្រីរងគ្រោះបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅរសៀសថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ថា នៅពេលដែលកូនស្រីរបស់គាត់វងកសម្លាប់ខ្លួននេះគាត់និងប្រពន្ធឈ្មោះឌឿក ចំរើន អាយុ៣៧ឆ្នាំមិនបាននៅផ្ទះទេគឺបានចេញទៅក្រៅទៅរកហូបអីដោយទុកឲ្យកូន៤នាក់នៅផ្ទះ។ ឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនាវេលាម៉ោង៦និង៣០នាទីល្ងាចពេលដែលកូនស្រីរបស់គាត់មកពីសាលាវិញនាងបាននៅផ្ទះជាមួយនិងបងៗរបស់គេ៣នាក់ទៀត ហើយរូបគាត់និងប្រពន្ធនៅវេលាម៉ោងជាង៧បានចេញទៅក្រៅរកហូបអី។ លុះដល់វេលាម៉ោងប្រមាណជា១០យប់ពេលត្រឡប់មកវិញមិនឃើញកូនស្រីក៏ចូលទៅក្នុងបន្ទប់របស់នាងស្រាប់តែឃើញកូនចងកស្លាប់បាត់ទៅហើយ។
ឪពុកក្មេងស្រីរងគ្រោះបានបន្តទៀតថា នៅពេលដែលមានហេតុការណ៍នេះកើតឡើងគាត់បានសួរទៅបងៗរបស់គេ(ក្មេងស្រីរងគ្រោះ)ហើយពួកបងៗបានប្រាប់ថាកូនរបស់គាត់បានពឹងឲ្យបងប្រុសច្បងជួយបង្កើតហ្វេសប៊ុកក្នុងទូរស័ព្ទដែលកូនស្រីទើបនិងទិញជំនួសទូរស័ព្ទដែលបាត់។ ក៏ប៉ុន្តែបងច្បងរបស់គេមិនបង្កើតឲ្យម្យ៉ាងទូរស័ព្ទមិនទំនើបទើបធ្វើឲ្យកូនស្រីទំនងជាខឹងក៏ចងកសម្លាប់ខ្លួនបែបនេះទៅ។
បើតាមនគរបាលជំនាញចុះពិនិត្យសាកសពបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានប្រើខ្សែអង្រឹងចងកនិងចម្រឹងបង្អួចមិនពាក់ព័ន្ធត្រូវគេសម្លាប់នោះទេ។
អ្នកភូមិរស់នៅក្បែរផ្ទះក្មេងស្រីរងគ្រោះបាននាំគ្នានិយាយថា ក្មេងស្រីរងគ្រោះមិនគួរគិតខ្លីចងកសម្លាប់ខ្លួនទាំងនៅវ័យក្មេង ព្រោះតែរឿងកំប៉េកកំប៉ុកបែបនេះទេ។
គួរបញ្ជាក់ថា នៅសម័យទូរស័ព្ទទំនើបនិងកំពុងពេញនិយមលេងហ្វេសប៊ុកនេះគេបានដឹងថា អ្នកស្លាប់តាមរយៈហ្វេសប៊ុកក៏កើតមានច្រើនដែរដូចជា អ្នកខ្លះយកហ្វេសប៊ុកទំាន់ទំនងឆាតចុះឆាតឡើងរហូតមានចំណងស្នេហាស៊ីជំរៅឈានទៅចងក ឬក៏លោតទឹកសម្លាប់ខ្លួនក៏មាននេះក៏ព្រោះតែហ្វេសប៊ុក។ អ្នកខ្លះទៀតភ្លេចបាយភ្លេចទឹក ភ្លេចធ្វើការងារក៏ដោយសារហ្វេសប៊ុក និងនារីមួយចំនួនតូចឈានទៅដល់ក្បត់ប្ដីក្បត់ប្រពន្ធទៀតផងក៏ព្រោះហ្វេសប៊ុក៕
ដោយ៖ ឆ្លាម សមុទ្រ