កូនក្របីមួយក្បាល ស្រែកថ្ងូរសំឡេងឮដ៏រន្ធត់ ខ្លោចចិត្ត ដូចជាសំឡេងកូនក្មេងរកម្ដាយឲ្យជួយ ដោយពាក្យថា «ម៉ាក់អើយ… ​ម៉ាក់អើយ… ម៉ាក់អើយ…»

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កូនក្របីមួយក្បាល ដែលម្ចាស់ទីសត្តឃាតទិញដើម្បីត្រៀមកាប់សម្លាប់ធ្វើអាជីវកម្ម​លក់សាច់ បែរជាមានរឿងចម្លែក ហាក់មិ​នគួឲ្យជឿទាល់តែសោះថាៈ កូនក្របីមួយក្បាលនេះបានស្រែកទ្រ​ហូយំ ដោយសំឡេងយ៉ាងគ្រលួចសែនរន្ធត់ ស្រែករកមេរបស់គេ ដែលសំឡេងស្រែកឮស្រដៀងឬសម្លេង​ដូចមនុស្សសុទ្ធសាធគឺ សំឡេងបានបង្ហើយ៉ាងដូច្នេះថា  «ម៉ាក់អើយ… ​ម៉ាក់អើយ… ម៉ាក់អើយ…» ជាមួយនឹង​ចំណងខ្សែជាប់.ក ក្នុងវេលាដ៏ខ្លី ប្រឈមទៅនឹងម្ចាស់ទីសត្តឃាតត្រៀមយកទៅវាយសម្លាប់ សម្រាប់ជាមុខ​របរអាជីវកម្ម។

សំឡេងកូនក្របី ដែលមិ​នធ្លាប់ឮបែបនេះពីមុនមក បានក្លាយទៅជា ក្ដីអាណិតអាសូរនិងរន្ធត់ខ្លោចផ្សាក្នុង​ចិត្តពីអ្នកជិតខាង ហើយនាំគ្នាស្ដាប់ ម្ដងហើយម្ដងទៀត ដោយមិនអស់ចិត្ត ហេតុអីក៏កូនក្របីមួយនេះស្រែក​ដូចសម្លេងមនុស្ស។ ករណីខាងលើបានបង្កឲ្យភ្ញាក់ផ្អើលកន្លងទៅថ្មីៗនៅកន្លែងទីសត្តឃាតនាក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយមករឿងដ៏ចម្លែកនេះបានលេចឮទៅកាន់មនុស្សជាច្រើនទៀតទើបធ្វើឲ្យ​ លោក ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឃើញនិងឮសំឡេង ដោយ​ផ្ទាល់ទើបផ្ដើមចេញឲ្យមានផ្នត់គំនិត អាណិតអាសូរកូនក្របីមួយក្បាលនេះ បានចំណាយប្រាក់ទិញពីទី​សត្តឃាតយកទៅចិញ្ចឹម ឲ្យរួចផុតពីកំណែនមច្ចុរាជ ដែលនឹងត្រូវអូសកកូនក្របីនេះតែក្នុងរយៈពេលប៉ុន្មាន​នាទីទៀត បញ្ជូនទៅកាន់សមរភូមិមរណៈនោះ។

បច្ចុប្បន្នកូនក្របីមួយក្បាលនេះ បានរួចផុតពីការកាប់សម្លាប់និងជាជំនឿផងនោះ ចាត់ទុកកូនក្របី អាចជា​អ្នកមានបុណ្យពីអតីតជាតិ ទើបធ្វើឲ្យសត្វមួយនេះស្រែកឮសំឡេងដូចជាមនុស្សបេះបិត និងបានទៅរស់នៅ​ដោយសោយសុខក្នុងដំបូលភូមិគ្រិះលោកឧត្តមសេនីយ៍ ភ្លន់ តារា ។ មានប្រជាពលរដ្ឋជាច្រើន ក្នុងជំនឿផង​នោះ បានគោរពនិងយល់ថា កូនក្របីមួយក្បាលនេះជាសត្វមានបរមីណ៍ ហើយសម្ដែងនូវការគាំទ្រចំពោះ​សណ្ដានចិត្តប្រោសប្រណី យិតយោងសត្វកូនក្របីមួយក្បាលនេះឲ្យរួចផុតពីសេចក្ដីងាប់ ជាពិសេសក៏បាន​នាំគ្នាជូនពរផងដែរដល់មេយោធាខេត្ត ជាមួយនិងក្រុមគ្រួសារទទួលបានសុខុដុមរមនា ក្នុងក្រុមគ្រួសារ​។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់គណនីហ្វេសប៊ុក បង្ហោះហេតុ​ការណ៍ទាំងនេះ ក៏បានទទួលស្គាល់ថា រឿងនេះជាការពិតនិងបញ្ជាក់ប្រាប់ទៅកាន់មិត្តរបស់គាត់ផងដែរថា ក្របីមួយក្បាលនេះបានរស់នៅក្នុងត្រកូលមេយោធាខេត្តបន្ទាយមានជ័យ គឺលោក ភ្លន់ តារា ដែលមានទីលំ​នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្រុងសិរីសោភ័ណ នាផ្លូវទៅកាន់ខេត្តសៀមរាបអង្គរ។

គួររំលឹកថា បើរឿងនេះក្លាយទៅជាការពិត អាចជាអច្ឆរិយៈ ស្របនិងជំនឿសាសនារបស់ពលរដ្ឋខ្មែរ ដែល​តែងមានទម្លាប់គោរព សត្វគោ ជាសត្វមានបរមី ដូចក្នុងរឿង «ព្រះគោ ព្រះកែវ» រួមទាំងបន្សល់ទុកនូវរូប​សំណាកចម្លាក់លើផ្ទាំងសីលាធំៗ នៃប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើនរបស់ប្រទេសកម្ពុជា។ ដល់ពេល​នេះស្រាប់តែលេចឮនូវការពិតពីកូនក្របីស្រែកហៅមេរបស់គេ សំឡេងដូចកូនមនុស្សបេះបិតគឺ «ម៉ាក់អើយ… ​ម៉ាក់អើយ… ម៉ាក់អើយ…» គ្រាភ័យសម្រាប់ពេលវេលាដែលនឹងត្រូវម្ចាស់ទីសត្តឃាតត្រៀម​ហូសកយកទៅកាប់សម្លាប់។

ប្រភពព័ត៌មានដែលផ្ដល់ចុងក្រោយនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានអះអាងប្រាប់ នគរដ្រេហ្គន ឲ្យដឹងថា រឿងខាងលើគឺជាការពិត ដែលមកទល់បច្ចុប្បន្នមានរយៈពេល១ឆ្នាំកន្លងផុតទៅហើយ កូនក្របីដ៏​មានភ័ព្វសំណាងនេះក៏ទទួលបានសេចក្ដីសុខរស់នៅក្នុងដំបូលផ្ទះលោក ភ្លន់ តារា ដល់សព្វថ្ងៃនេះដែរ៕

ក្របី១

ដោយ៖  សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print