លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ :  នាថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខ ព្រោះជាក់ស្តែងការងារបង្កបង្កើនផលនារដូវប្រាំងពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានបញ្ហាកង្វះខាតទឹកជារៀងរាល់ឆ្នាំ ។ អមដំណើរ លោករដ្ឋមន្រ្តីចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង នៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ រួមមាន ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោកនួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប  និងក្រុមការងារ ។

លោកប្រធានមន្ទីរទាំងពីរ  បានជម្រាបជូន លោករដ្ឋមន្រ្តី អំពី សកម្មភាពអន្តរាគមន៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតធំ កម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១០.០០០ហិកតា នៅក្នុងភូមិតាសល់ និងភូមិផ្អាវ ស្រុកមង្គលបុរី , ក្នុងនោះមន្ទីរ បានអន្តរាគមន៍លើកទី១ នៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ០២ គ្រឿង និងលើកទី២ ពីថ្ងៃទី២៧មកដល់ពេលនេះ បានបន្ថែមម៉ាស៊ីនបូមទឹកចំនួន ០៣ គ្រឿងបន្ថែមទៀត សរុប ០៥ គ្រឿង ដើម្បីបូមទឹកពីដៃស្ទឹងមង្គលបុរីផ្នែកខាងក្រោម ទៅជួយសង្រ្គោះស្រូវប្រាំងកំពុងប្រឈម ចំនួន ៩៨៨ហិកតា ដែលនៅឆ្ងាយពីប្រភពទឹក ។

សូមបញ្ជាក់ជូនជ្រាបថា ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ មានការពេញនិយមធ្វើស្រែប្រាំង ជាច្រើនលើកក្នុង១រដូវ  ជាក់ស្តែងតាមផែនការឆ្នាំ ២០២២នេះមានចំនួនត្រឹមតែ ២២.០០០ហិកតាប៉ុណ្ណោះ តែការអនុវត្តជាក់ស្តែងឈានដល់ចំនួន ៥៣.៩០០ហិកតា  ត្រូវជា ២៤៥% នៃផែនការ , ទោះបីជាក្រសួងមានការណែនាំជារឿយៗយ៉ាងណាក្តី ។
ក្រសួងធនធានទឹក និងឧតុនិយម និងបណ្តាមន្ទីរធនធានទឹកនិងឧតុនិយម រាជធានី-ខេត្ត តែងតែខិតខំប្រឹងប្រែងចុះជួយអន្តាគមន៍សង្រ្គោះដំណាំដល់បងប្អូនប្រជាកសិករ បើមានប្រភពទឹក។

ចំពោះស្ថានភាពទឹកដែលកំពុងមានក្នុងស្ទឹងមង្គលបុរីនាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដី ក្នុងការជូនដំណឹងជូនប្រជាកសិករឲ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ ធានាដល់ការបង្កបង្កើនផលស្រែប្រាំង ដំណាំផ្សេងៗ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើររហូតដល់រដូវវស្សាមកដល់ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print