ពលរដ្ឋជប៉ុនជាង១មឺុននាក់រស់នៅក្នុងរថយន្តក្រោយការរញ្ជួយដី

ចែករំលែក៖

គ្រោះធម្មជាតិរញ្ជួយដីបានបំផ្លាញទាំងស្រុងលំនៅឋានរបស់ពលរដ្ឋធ្វើឲ្យពលរដ្ឋជាង១មឺុននាក់ត្រូវរស់នៅក្នុងរថយន្តជា បណ្តោះអាសន្ន តាមទីសាធារណៈដោយមិនទទួលបានការផ្តល់ជំនួយនោះឡើយ ដោយសារតែការរស់នៅបែបនោះ មិនមែន ជាកន្លែងដែលត្រូវបានអនុញ្ញាតសម្រាប់ ជនរងគ្រោះ ។

ពលរដ្ឋជប៉ុនជាង១មឺុននាក់ស្ថិតនៅក្នុង ស្រុកMashiki ត្រូវរស់នៅក្នុងរថយន្ត រយៈពេល៣ថ្ងៃកន្លងមកក្រោយការរញ្ជួយដី ដោយសារតែផ្ទះត្រូវបំផ្លាញ។ សារព័ត៌ មានAP បានផ្សាយថា ភាគច្រើនរថយន្ត ចតនៅចំណតរថយន្តក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។ ពលរដ្ឋនៅទីនោះមិនទទួលបានជំនួយនោះឡើយដោយសារ តែមិនបានចុះឈ្មោះសម្រាប់ជនរងគ្រោះដោយសាររញ្ជួយដី ហើយក៏មិនមែនជាទីតាំងសម្រាប់ជនភៀសខ្លួននោះដែរ។

ជប៉ុនត្រូវពឹងផ្អែកលើអាមេរិកប្រើប្រាស់ យន្តហោះOsprey ក្នុងការដឹកជញ្ជូនស្បៀង អាហារទៅជួយដល់ជនរងគ្រោះដោយរញ្ជួយ ដី។ ពលរដ្ឋប្រមាណជាង១សែននាក់ត្រូវបាត់បង់ផ្ទះសម្បែង ហើយស្ថិតនៅតំបន់ដាច់ស្រយាលត្រូវកាត់ផ្តាច់ដោយសារតែបាក់ដីគ្របដណ្តប់លើផ្លូវ។

ជប៉ុនរងការរញ្ជួយដីដល់ទៅ២លើកកាល ពីសប្តាហ៍កន្លងទៅស្លាប់41នាក់និងរាប់រយ អ្នករងរបួស។ កងកម្លាំងប្រដាប់អាវុធ ប្រមាណជា២ម៉ឺននាក់ត្រូវបានរដ្ឋាភិបាល ជប៉ុនដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីប្រតិបត្តិការជួយសង្រ្គោះ។

ការរញ្ជួយដីនៅថ្ងៃសៅរ៍ និងការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍កើតឡើងនៅក្នុង តំបន់តែមួយគឺនៅប៉ែកខាងត្បូងឆៀងខាងលិចនៃប្រទេសជប៉ុន ចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។

បើយោងតាមក្រសួងឧតុនិយមជប៉ុន ឲ្យដឹងថា ការរញ្ជួយដីទាំងពីរនេះមានទំនាក់ ទំនងនឹងគ្នាដោយវាកើតឡើងនៅតាម បណ្តោយខ្សែប្រសព្វនៃស្លាកតិចតូនិកតែ មួយហើយការរញ្ជួយដីនៅថ្ងៃសៅរ៍នេះ មានកម្លាំងរហូតដល់ទៅ៧.៣រ៉ិចទ័រពោលគឺខ្លាំងជាងការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍ ដែលមានកម្លាំងត្រឹមតែ៦.៥រ៉ិចទ័រ។ ហេតុដូច្នេះហើយបានជាការរញ្ជួយដីនៅថ្ងៃសៅរ៍ នេះបានបង្កឲ្យមានការខូចខាតច្រើនជាងហើយចំនួនអ្នកស្លាប់ក៏មានយ៉ាងច្រើនផងដែរ។

ការរញ្ជួយដីលើកទី២នេះ បានបណ្តាល ឲ្យអគារជាច្រើនត្រូវរលំក្នុងនោះក៏មាន មន្ទីរពេទ្យមួយផងដែរ ចំណែកឯស្ពាន ផ្លូវថ្នល់និងផ្ទះសម្បែងរបស់ប្រជាជនត្រូវរងការខូចខាតដោយសារការរលំបាក់ដីភ្នំបង្កឡើងដោយកម្លាំងរញ្ជួយ។

អ្វីដែលធ្វើឲ្យគេកាន់តែបារម្ភខ្លាំងទៅទៀតនោះគឺការរញ្ជួយដីលើកទី២នេះ បានធ្វើឲ្យកម្រើកឡើងនូវភ្នំភ្លើងមួយដែលនៅលើកោះជាមួយគ្នា។ ម៉ាស៊ីនប្រតិករនុយ ក្លេអ៊ែរចំនួន២គ្រឿងដែលកំពុងដំណើរការផលិតអគ្គិសនីក៏ស្ថិតនៅក្នុងតំបន់ក្បែរ ចំណុចរញ្ជួយផងដែរ ក៏ប៉ុន្តែក្រុមហ៊ុនដែលជាម្ចាស់មជ្ឈមណ្ឌលនុយក្លេអ៊ែរនេះបានអះអាងថារហូតមកទល់នឹងពេលនេះម៉ាស៊ីន ប្រតិករនុយក្លេអ៊ែរទាំងពីរនៅតែមាន ដំណើរការធម្មតាដោយមិនឃើញមានភាព មិនប្រក្រតីណាមួយ ដែលគួរឲ្យបារម្ភនោះ ទេ។

គួរបញ្ជាក់ថា ជប៉ុនដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រង់ចំណុចប្រសព្វនៃស្លាកតិចតូនិកធំៗចំនួន ៤ គឺជាប្រទេសដែលទទួលរងនូវគ្រោះរញ្ជួយដីច្រើនជាងគេ។ គិតជាមធ្យមក្នុងមួយឆ្នាំៗ ក្នុងចំណោមគ្រោះរញ្ជួយដីធំៗដែលកើតឡើងនៅលើភពផែនដីមានប្រមាណជា ២០ភាគរយកើតឡើងនៅក្នុងប្រទេសជប៉ុន៕

japan-earthquake

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print