ភ្នំពេញ : ព្រះមហាក្សត្រ បានត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ជាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកាំង សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ! នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានថ្លែងថា, សូមអបអរសាទរបេននិងក្រុមគ្រួសារ!
នេះគឺជាការទទួលស្គាល់ពីវីរភាពនៃអ្នកស្រឡាញ់និងការពារបរិស្ថានពិតប្រាកដ មិនមែនអ្នកស្រឡាញ់បរិស្ថានលើរបាយការណ៍!
លោក នេត្រ ភក្ត្រា បានបន្តថា, លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។
បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៣១ ខែមករានេះ គឺព្រះមហាក្សត្រ ត្រាស់បង្គាប់
មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ជាវិស បេន
យ៉ូសែប ដែលមានសមាជិក ១- លោក ជាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាមេរិក សញ្ជាតិ អាមេរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្តី)។ ២- លោកស្រី ដាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។ ៣- កុមារី ដាវិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។ ៤- កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ញាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
ដោយ : សុខ ខេមរា